FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំបក្សប្រឆាំងថៃរងការវាយប្រហារដោយកម្មវិធីចារកម្ម

03-11-2026 22:49

(បាងកក)៖ មេដឹកនាំបក្សប្រឆាំងថៃ លោក Natthaphong Ruengpanyawut បានក្លាយជាគោលដៅនៃការវាយប្រហារដោយកម្មវិធីចារកម្ម (spyware) នេះបើតាមការបញ្ជាក់របស់គណបក្សលោកនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈរដ្ឋាភិបាលបានច្រានចោលការចោទថា រដ្ឋអាចនៅពីក្រោយរឿងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

លោក Natthaphong ដែលដឹកនាំគណបក្សប្រជាជន បានបង្ហោះលើបណ្តាញសង្គមនូវរូបថតសារព្រមានពីក្រុមហ៊ុន Apple ថា iPhone របស់លោកកំពុងជាគោលដៅនៃការវាយប្រហារដោយកម្មវិធីចារកម្មជួល ដែលព្យាយាមលួចចូលពីចម្ងាយ។ អ្នកនាំពាក្យគណបក្ស លោក Napath Narangsiya ថា នៅមិនទាន់ដឹងថានរណានៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែ «បើកម្មវិធីចារកម្មនេះត្រូវបានបង្កើត និងប្រើប្រាស់ស្រដៀងនឹង Pegasus នោះវាត្រូវតែជាស្ថាប័នរដ្ឋ»។

ក្រៅពីលោក Natthaphong អតីតនាយករដ្ឋមន្ត្រី លោក Abhisit Vejjajiva ក៏ទើបទទួលសារព្រមានពី Apple ដែរ ប៉ុន្តែទូរស័ព្ទរបស់លោកមិនត្រូវបានលួចចូលទេ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Ekkapob Pianpises បានច្រានចោលការលើកឡើងរបស់បក្សប្រឆាំងថា «គ្មានមូលដ្ឋាន» ដោយបញ្ជាក់ថា គ្មានថវិកាសម្រាប់ទិញកម្មវិធី Pegasus ត្រូវបានផ្តល់ឱ្យក្នុងឆ្នាំសារពើពន្ធនេះ ឬឆ្នាំមុនទេ។

គួររំលឹកថា កាលពីឆ្នាំ២០២២ ស្ថាប័នឃ្លាំមើលសន្តិសុខអ៊ីនធឺណិតមួយបានរកឃើញថា សកម្មជនប្រជាធិបតេយ្យថៃរាប់សិបនាក់ ត្រូវបានវាយប្រហារដោយកម្មវិធី Pegasus របស់ក្រុមហ៊ុនអ៊ីស្រាអែល NSO Group អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០២០ ដោយកម្មវិធីនេះអាចលួចទិន្នន័យ និងបើកកាមេរ៉ា ឬមីក្រូហ្វូនបាន ក្រោយពីជ្រៀតចូលទូរស័ព្ទបានសម្រេច៕