លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
03-11-2026 20:30
(វ៉ាស៊ីនតោន)៖ ម្ចាស់ឆ្នោតអាមេរិកនឹងផ្តល់ការវិនិច្ឆ័យលើរយៈពេល ២ឆ្នាំដំបូងនៃអាណត្តិទី២ របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលជាការប្រកួតប្រជែងដ៏សំខាន់ដើម្បីដណ្តើមសិទ្ធិគ្រប់គ្រងទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាខែវិច្ឆិកា ឆ្នាំ២០២៦។
ការបោះឆ្នោតលើកនេះផ្តោតសំខាន់បំផុតលើតួនាទីដឹកនាំរបស់លោក ត្រាំ ស្របពេលប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ ដោយសារការមិនពេញចិត្តរបស់ពលរដ្ឋចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់ និងការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ ក៏ដូចជាការកើនឡើងថ្លៃចំណាយក្នុងជីវភាពរស់នៅក្រោយការដាក់ចេញគោលនយោបាយពន្ធគយ។ ចាប់តាំងពីដើមខែតុលាមក លោក ត្រាំ បានប្រាប់អ្នកគាំទ្រឱ្យចាត់ទុកថាមានឈ្មោះរូបលោកនៅលើសន្លឹកឆ្នោត និងបានចុះធ្វើយុទ្ធនាការជាង ២០លើកនៅតាមរដ្ឋដែលលោកធ្លាប់ឈ្នះកាលពីឆ្នាំ២០២៤ ដើម្បីជួយការពារអាសនៈបក្សសាធារណរដ្ឋ ព្រមទាំងបានថ្លែងនៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍ ដោយចោទបក្សប្រជាធិបតេយ្យថាបានដាក់បេក្ខជនដែលមាននិន្នាការជ្រុលនិយមបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
ប្រសិនបើគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសภาតំណាងរាស្ត្រ ឬព្រឹទ្ធសភា ពួកគេនឹងមានអំណាចបើកការស៊ើបអង្កេតលើរដ្ឋបាលលោក ត្រាំ ទាមទារសម្បទានក្នុងការអនុម័តច្បាប់ និងអាចរាំងខ្ទប់ការតែងតាំងមន្ត្រីជាន់ខ្ពស់ រួមទាំងចៅក្រមតុលាការកំពូលផងដែរ។ ក្នុងចំណោមសមរភូមិប្រកួតប្រជែងដ៏ក្តៅគគុកនៅតាមរដ្ឋនានា ការប្រជែងអាសនៈព្រឹទ្ធសភានៅរដ្ឋ Michigan រវាងបេក្ខជនបក្សប្រជាធិបតេយ្យ លោក អាប់ឌុល អែលសាយ៉េដ (Abdul El-Sayed) និងបេក្ខជនបក្សសាធារណរដ្ឋ លោក ម៉ៃក៍ រ៉ូជឺស៍ (Mike Rogers) បានទទួលរងការភ្ញាក់ផ្អើលថ្មីមួយ ក្រោយពេលសមាជិកបក្សប្រជាធិបតេយ្យ លោកស្រី ហាឡេ ស្ទីវិនស៍ (Haley Stevens) ដែលចាញ់លោក អែលសាយ៉េដ ក្នុងការបោះឆ្នោតបឋម បានបែរទៅប្រកាសគាំទ្រលោក រ៉ូជឺស៍ វិញ។
គួរបញ្ជាក់ថា ក្រៅពីរដ្ឋ Michigan ការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភាដ៏ស្វិតស្វាញក៏កំពុងប្រព្រឹត្តទៅនៅតាមរដ្ឋមួយចំនួនទៀតផងដែរ រួមមានរដ្ឋ Alaska ដែលកំពុងមានភាពចម្រូងចម្រាសជុំវិញបេក្ខជនឈ្មោះជាន់គ្នា រដ្ឋ Kansas រដ្ឋ Maine និងរដ្ឋ Texas ដែលបេក្ខជនបក្សប្រជាធិបតេយ្យ លោក ជេមស៍ តាឡារីកូ (James Talarico) កំពុងប្រជែងជាមួយអគ្គមេធាវីបក្សសាធារណរដ្ឋ លោក ខេន ផាកស្តុន (Ken Paxton) ដែលទទួលបានការជួយជ្រោមជ្រែងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ពីមហាសេដ្ឋី អេឡុន ម៉ាសក៍ (Elon Musk)៕


