កូរ៉េខាងត្បូង និងតួកគីយ៉េ ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ ការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធ
03-11-2026 19:57
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae Myung) និងប្រធានាធិបតីតួកគីយ៉េ លោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) បានឯកភាពគ្នាក្នុងជំនួបកំពូលនៅថ្ងៃអង្គារនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ និងការពារជាតិ រួមទាំងគម្រោងសាងសង់រោងចក្រអគ្គិសនីដ៏ធំបំផុតមួយរបស់តួកគីយ៉េផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក លី បានបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានព្រមព្រៀងសហការយ៉ាងជិតស្និទ្ធលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាជីវសាស្ត្រ និងរ៉ែសំខាន់ៗ ខណៈកិច្ចសហប្រតិបត្តិការសម្រាប់ការសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរនៅខេត្ត Sinop ភាគខាងជើងប្រទេសតួកគីយ៉េ កំពុងដំណើរការទៅមុខដោយរលូន។ ចំណែកលោក អឺដូហ្គាន់ ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ និងទទួលបានការសម្តែងក្បាច់គុនតេក្វាន់ដូស្វាគមន៍ពីកងទ័ពកូរ៉េខាងត្បូងនោះ បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាពីការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីពី ១១ពាន់លានដុល្លារ ឱ្យឈានដល់គោលដៅ ១៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា តួកគីយ៉េគ្រោងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤ នៅខេត្ត Sinop និង ៤ ទៀតនៅតំបន់ Thrace ដើម្បីពង្រីកការផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ និងកាត់បន្ថយការពឹងផ្អែកលើថាមពលនាំចូល។ កាលពីថ្ងៃចន្ទម្សិលមិញ លោក អឺដូហ្គាន់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ថាកូរ៉េខាងត្បូងអាចក្លាយជាដៃគូអភិវឌ្ឍន៍គម្រោងនៅខេត្ត Sinop បន្ទាប់ពីក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ TUNAS របស់តួកគីយ៉េ និងក្រុមហ៊ុនអគ្គិសនីកូរ៉េខាងត្បូង (KEPCO) បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក លី ទៅកាន់ទីក្រុងអង់ការ៉ាកាលពីឆ្នាំ២០២៥៕




