FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពីការ​កសាង​បក្ស​ទៅជីវភាពរស់នៅ៖ បទពិសោធន៍អភិបាលកិច្ចពីបក្សកុម្មុយនិស្តចិន

03-11-2026 16:53

(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ បានប្រព្រឹត្តទៅនៅរដ្ឋធានី ប៉េកាំង កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយមានសមាជិកគណៈកម្មាធិការមជ្ឈិមចំនួន ១៦២ រូប និងសមាជិកបម្រុងចំនួន ១១៧រូបចូល​​រួម​។ កិច្ចប្រជុំបានពិនិត្យរបាយការណ៍ការងាររបស់ការិយាល័យនយោបាយ និងអនុម័តសេច​ក្តីសម្រេចស្តីពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការបន្តជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយ។ ខ្លឹមសារនៃកិច្ចប្រជុំនេះបានរំលេចពីការពង្រឹងវិន័យ សុចរិតភាព សមត្ថភាពដឹកនាំ និងប្រសិទ្ធភាពអភិបាលកិច្ចប្រទេសចិន ដើម្បីបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាព និងធានាសុខុមាលភាព ប្រជាជនចិន។ គោលបំណងសំខាន់មួយនៃអភិបាលកិច្ច គឺការធ្វើឱ្យគោលនយោបាយជាតិបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ ការពង្រឹងវិន័យរបស់មន្ត្រី និងការប្រឆាំងអំពើពុករលួយអាចជួយបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន ប៉ុន្តែវាត្រូវភ្ជាប់ជាមួយ គោលនយោបាយសេដ្ឋកិច្ច និងសង្គមដែលមានគុណភាព ដើម្បីបង្កើតលទ្ធផលអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចំណុចសំខាន់មួយដែលយើងអាចទាញយកពីកិច្ចប្រជុំនេះ គឺការភ្ជាប់ការកសាងបក្សជាមួយការបំពេញបេសកកម្មបម្រើប្រជាជនចិន។ សេចក្តីប្រកាសបានបញ្ជាក់ពីការបន្តអនុវត្តការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ការពង្រឹងស្មារតីទទួលខុសត្រូវរបស់មន្ត្រីបក្ស ការកែលម្អប្រព័ន្ធត្រួតពិនិត្យ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នេះបង្ហាញថា ការរៀបចំគោលនយោបាយ ប្រកបដោយចក្ខុវិស័យត្រូវដើរទន្ទឹមនឹងការកសាងស្ថាប័នដែលមានវិន័យ និងសមត្ថភាពអនុវត្តការងារ។ នៅពេលមន្ត្រីបក្សបំពេញភារកិច្ច ដោយសុចរិតភាព និងប្រើប្រាស់ធនធានសាធារណៈដោយមានប្រសិទ្ធភាព គោលនយោបាយនានាក៏មានឱកាសកាន់តែច្រើន ក្នុងការបង្កើតផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ ការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងមានសារៈសំខាន់៤ចំណុចគឺ ទី១-ការពង្រឹងសមត្ថភាពអនុវត្តគោល នយោបាយ ដោយធានាថាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំត្រូវបានបម្លែងទៅជាសកម្មភាពជាក់ស្តែង។ ទី២- ការទប់ស្កាត់ការប្រើប្រាស់អំណាចខុសគោលបំណង និងការខ្ជះខ្ជាយធនធានសាធារណៈ។ ទី៣-ការបង្កើនទំនួលខុសត្រូវរបស់មន្ត្រី ដោយមិនអនុញ្ញាតឱ្យតួនាទី ឋានៈ ឬទំនាក់ទំនងផ្ទាល់ខ្លួនក្លាយជាមូលហេតុសម្រាប់ការរួចផុតពីការត្រួតពិនិត្យ។ ទី៤-ការការពារផលប្រយោជន៍ប្រជាជន ដោយធានាថាថវិកា គម្រោងអភិវឌ្ឍន៍ និងសេវា សាធារណៈត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដែលបានកំណត់។

ចាប់តាំងពីសមាជ​បក្សកុម្មុយនិស្តចិនលើកទី​​១៨មក លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយមិនមែនត្រឹមតែជាការដាក់ទណ្ឌកម្មនោះទេ វាថែមទាំងជាការពង្រឹង ទំនុកចិត្តលើការដឹកនាំ និងការការពារផលប្រយោជន៍សាធារណៈរបស់ប្រទេស។ សេចក្តីប្រកាសបានរៀបរាប់ពីការពិនិត្យករណីរំលោភវិន័យ និងច្បាប់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងមន្ត្រីចំនួន១៨រូបក្នុងរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យវិន័យមជ្ឈិម និងមន្ត្រីចំនួន១៦រូប ក្នុងរបាយការណ៍របស់គណៈកម្មការយោធាមជ្ឈិម។ តួលេខទាំងនេះបង្ហាញពីការបន្តយកចិត្តទុកដាក់លើការរក្សាវិន័យ និងការទទួលខុសត្រូវក្នុងជួរបក្ស និងកងទ័ព។

បន្ថែមពីលើនេះ កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ ក៏បានវាយតម្លៃលទ្ធផល ប្រកបដោយផ្លែផ្កាកើតចេញពីផែនការអភិវឌ្ឍន៍៥ឆ្នាំលើកទី១៤(២០២១-២០២៥) ហើយបង្កើនប្រសិទ្ធភាពនៃការអនុវត្ត ផែនការអភិវឌ្ឍន៍៥ឆ្នាំលើកទី១៥(២០២៦-២០៣០) សម្រាប់រំលេចពីសារៈសំខាន់នៃការរៀបចំផែនការរយៈពេលវែង ការកំណត់ទិសដៅអភិវឌ្ឍន៍ច្បាស់លាស់ និងការបន្តអនុវត្តការងារដោយមានភាពស៊ីសង្វាក់គ្នា។ ទន្ទឹមនឹងការជំរុញសេដ្ឋកិច្ច កិច្ចប្រជុំក៏បានរំលេចការធានាសុខុមាលភាពប្រជាជន ការអភិរក្សបរិស្ថាន និងការរក្សាស្ថិរភាពសង្គមផងដែរ។ តាមរយៈតួលេខឆ្នាំ២០២៥ បង្ហាញពីការកើនឡើងនៃផលិតផលក្នុងស្រុកសរុប កំណើនប្រាក់ចំណូលប្រជាជន និងការបន្តអនុវត្តវិធានការត្រួតពិនិត្យវិន័យក្នុងប្រព័ន្ធចិន។

ជាតថភាព កិច្ចប្រជុំពេញអង្គលើកទី៥នេះបានបញ្ជាក់ពីការបន្តពង្រឹងការកសាងបក្ស និងការកែលម្អសមត្ថភាពអភិបាលកិច្ច របស់បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល។ ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន នៅឆ្នាំ២០២៦ និងការត្រៀមរៀបចំសមាជបក្សកុម្មុយនិស្តចិនលើក​ទី២១ នៅខែតុលា ឆ្នាំ២០២៧ ការពង្រឹងវិន័យ សុចរិតភាព និងប្រសិទ្ធភាពអនុវត្តការងារ នៅតែជាចំណុចសំខាន់ក្នុងការជំរុញបេសកកម្មអភិវឌ្ឍន៍ជាតិ។ បទពិសោធន៍នេះឆ្លុះបញ្ចាំងថា ភាពជោគជ័យនៃអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិន ដែលជាបក្សកាន់អំណាចដឹកនាំប្រទេសចិន មិនស្ថិតត្រឹមតែការបង្កើត គោលនយោបាយនិងគោលការណ៍ល្អនោះទេ វាថែមទាំងស្ថិតនៅលើការអនុវត្តឱ្យមានប្រសិទ្ធភាព ការប្រើប្រាស់ធនធានដោយតម្លាភាព និងការធានាឱ្យសមិទ្ធផលនៃការអភិវឌ្ឍឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនចិន ព្រមទាំងបង្កើនកាលានុវត្តភាពនៃការ អភិវឌ្ឍសកលថែមទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន