ជនជាតិឥណ្ឌូណេស៉ី ៥៨នាក់ ត្រូវបានល្បួងឱ្យទៅរុស្ស៉ី ដើម្បីធ្វើជាទាហានស៉ីឈ្នូល (Video inside)
03-11-2026 16:36
(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានលាតត្រដាងបណ្តាញជួញដូរមនុស្សមួយ ពាក់ព័ន្ធនឹងពលរដ្ឋចំនួន ៥៨នាក់ ដែលត្រូវបានចោទប្រកាន់ថាត្រូវបានជ្រើសរើសឱ្យទៅធ្វើជាទាហានស៉ីឈ្នួល នៅក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាយកដ្ឋានស៉ើបអង្កេតឧក្រិដ្ឋកម្មនៃប៉ូលិសជាតិឥណ្ឌូណេស៉ី Bareskrim Polri បានឱ្យដឹងថា ជនសង្ស័យមានចំនួន ១៣នាក់ ក្នុងនោះមានជនជាតិរុស្ស៉ី ២នាក់ និងអ៊ុយក្រែនម្នាក់។ ដំបូងឡើយ ជនរងគ្រោះត្រូវបានគេផ្តល់ការងារក្នុងវិស័យភស្តុភារ សន្តិសុខព្រំដែន និងការសាងសង់ផ្នែកការពារជាតិ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ដំណើរការជ្រើសរើសបុគ្គលិក និងត្រូវបានបញ្ជូនទៅរុស្ស៉ី ហើយមានការតម្រូវឱ្យចុះកុងត្រាបម្រើការជាទាហានស៉ីឈ្នួល ទទួលការហ្វឹកហ្វឺន និងអាចនឹងត្រូវបញ្ជូនទៅកាន់តំបន់មានជម្លោះ។
លោកស្រី Nurul Azizah ប្រធាននាយកដ្ឋានទទួលបន្ទុកបទល្មើសប្រឆាំងនឹងស្ត្រី កុមារ និងការជួញដូរមនុស្សនៃ Bareskrim Polri បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម គេហទំព័រស្វែងរកការងារ និងកម្មវិធីផ្ញើសារនានា ដើម្បីល្បួងជនរងគ្រោះ ដោយសន្យាផ្តល់ការងារនៅបរទេសដែលមានប្រាក់ចំណូលខ្ពស់។
ជនរងគ្រោះ ត្រូវបានគេសន្យាថានឹងទទួលបានប្រាក់បន្ថែម សម្រាប់ការចុះកិច្ចកុងត្រាការងារ រហូតដល់ ៣៥ ០០០ដុល្លារអាមេរិក និងប្រាក់បៀវត្សរ៍ប្រចាំខែប្រហែល ៣ ០០០ដុល្លារអាមេរិក។ លោកស្រី Rita Wulandari Wibowo នាយិកាផ្នែកការពារស្ត្រី និងកុមារនៃស្នងការដ្ឋាននគរបាលតំបន់ Metro Jaya បានឱ្យដឹងថា ក្រុមអ្នករើសបុគ្គលិកក៏បានសន្យាផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កុមារចំនួនជាង ៣លានរូពីឥណ្ឌូណេស៉ី ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដល់ជនរងគ្រោះមួយចំនួនផងដែរ៕


