ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប (Video inside)
03-11-2026 16:16
(ប៊ែន)៖ ចំពោះមុខការរីករាលដាលនៃចលនាបាតុកម្មនៅពាសពេញទ្វីបអឺរ៉ុប នាពេលថ្មីៗនេះ ប្រទេសស្វ៉ីសដែលជាទូទៅត្រូវមនុស្សភាគច្រើនចាត់ទុកជា ប្រទេសមានភាពសុខដុមរមនាបំផុតមួយលើពិភពលោក ក៏បានកើតមានការតវ៉ារហូតប្រែក្លាយជាអំពើហិង្សាផងដែរ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅទីក្រុង Zurich និង Basel ក្រោមពាក្យស្លោកថា «ពួកយើងក៏ឆ្អែតឆ្អន់ជាមួយនឹងប្រទេសស្វ៉ីសដែរ» ហើយបាតុកម្មនៅទីក្រុងទាំងពីរ សុទ្ធតែបានប្រែក្លាយទៅជាការផ្ទុះអំពើហិង្សាខ្លាំងដូចគ្នា។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ស្វ៉ីស នៅទីក្រុង Zurich ប៉ូលិសបានប្រើកាណុងបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងកុបករ ដែលបានធ្វើសកម្មភាពវាយប្រហារលើពួកគេ ដោយប្រើកាំជ្រួច ដប និងដុំថ្ម។ រថយន្តល្បាតប៉ូលិស១គ្រឿង បានរងការខូចខាត ហើយអគារនិងសម្ភារមួយចំនួន ត្រូវបានវាយកម្ទេច និងដុតបំផ្លាញ។
គួរបញ្ជាក់ថា រលកបាតុកម្មនិងភាពវឹកវរ ដែលកំពុងកើតឡើងនៅអឺរ៉ុប រួមមានប្រទេសដទៃទៀត ដូចជាបារាំង អ៉ីតាលី អេស៉្បាញ អាល្លឺម៉ង់ ក្រិក អាល់បានី ស៊ែប៊ី គឺត្រូវបានជំរុញដោយកត្តាផ្សេងៗ រាប់ចាប់តាំងពីវិបត្តិអតិផរណា ការកើនឡើងថ្លៃជីវភាពរស់នៅ តម្លៃលំនៅឋាន ការធ្លាក់ចុះគុណភាពសេវាកម្ម និងវិស័យអប់រំ ការចំណាយរបស់រដ្ឋាភិបាល និងអំពើពុករលួយ ជាដើម៕





