ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
02-11-2026 22:42
(ព្រុចសែល)៖ ទូទឹកកកតាមផ្សារទំនើបនៅអឺរ៉ុបបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattack) សាជាថ្មីនៅថ្ងៃចន្ទនេះ ដោយក្រុមហេកឃ័រ (Hacker) បានលួចចូលកែប្រែដំឡើងកម្ដៅទូទឹកកកនៅតាមហាងជាច្រើនកន្លែង ចាប់ពីប្រទេសស៊ុយអែត រហូតដល់បែលហ្ស៊ិក និងលុចសំបួ ដែលស្រដៀងគ្នាទៅនឹងហេតុការណ៍វាយប្រហារនៅប្រទេសបារាំងកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
បណ្តាញផ្សារទំនើប Ahold Delhaize និង Colruyt បានឱ្យដឹងថា ហេតុការណ៍វាយប្រហារប្រព័ន្ធបច្ចេកវិទ្យាកាលពីយប់មិញ បានប៉ះពាល់ដល់ទូទឹកកក និងទូបង្កកនៅតាមហាងរាប់សិបកន្លែងក្នុងប្រទេសបែលហ្ស៊ិក និងលុចសំបួ ខណៈផ្សារទំនើបលក់គ្រឿងទេសស៊ុយអែត ICA និង Coop ក៏បានរាយការណ៍ពីការហក់ឡើងកម្ដៅដូចគ្នាដែរ។ អ្នកគ្រប់គ្រងផ្នែកលក់នៅសាខាផ្សារ ICA មួយកន្លែងក្នុងទីក្រុងស្តុកហូម បានប្រាប់ Reuters ថា ការវាយប្រហារបានកើតឡើងនៅម៉ោង ២ទៀបភ្លឺ ដោយធ្វើឱ្យទូបង្កកទាំងអស់ឡើងកម្ដៅរហូតដល់ ៥០អង្សាសេ និងបំផ្លាញទំនិញក្នុងទូខូចខាតទាំងស្រុង ទម្រាំតែបុគ្គលិកចាប់អារម្មណ៍នៅប៉ុន្មានម៉ោងក្រោយមក។ ប្រធានមជ្ឈមណ្ឌលសន្តិសុខសាយប័រជាតិស៊ុយអែត លោក ចន ប៊ីលឡូ (John Billow) បានបញ្ជាក់ថា ស្ថាប័នលោកកំពុងស៊ើបអង្កេតករណីទាំងនេះ បន្ទាប់ពីបានរកឃើញឧបករណ៍បច្ចេកវិទ្យាប្រតិបត្តិការជាច្រើននៅក្នុងប្រទេសស៊ុយអែតមានចំណុចខ្សោយ ដែលចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារជាបន្ទាន់។
គួរបញ្ជាក់ថា ហេតុការណ៍ចុងក្រោយនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នានៅប្រទេសបារាំងកាលពីខែមុន ដែលប៉ូលិសអះអាងថាក្រុមហេកឃ័របានលួចគ្រប់គ្រងប្រព័ន្ធបញ្ចុះកម្ដៅនៅតាមផ្សារទំនើបរាប់រយកន្លែង បណ្តាលឱ្យឆេះ និងខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទោះបីមិនទាន់មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវ ហើយទីក្រុងមូស្គូក៏បានបដិសេធម្តងហើយម្តងទៀតចំពោះការជាប់ពាក់ព័ន្ធក៏ដោយ ក៏ករណីទាំងនេះបានបង្កើនក្តីបារម្ភកាន់តែខ្លាំងក្នុងចំណោមអាជ្ញាធរអឺរ៉ុប អំពីការរីករាលដាលនៃសង្គ្រាមកូនកាត់ (Hybrid attacks) ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ២០២២៕



