FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ចាកចេញពីកិច្ចពិភាក្សានៅដូហា ខណៈសេចក្តីព្រាងសំណើជាមួយអាមេរិកកំពុងត្រូវបានចែកចាយ

02-11-2026 19:00

(ដូហា)៖ គណៈប្រតិភូចរចារបស់អ៊ីរ៉ង់បានចាកចេញពីកិច្ចពិភាក្សាជាមួយអ្នកសម្រុះសម្រួលកាតា ដែលមានគោលបំណងបញ្ចប់សង្គ្រាមជាមួយអាមេរិក ខណៈសេចក្តីព្រាងសំណើមួយកំពុងត្រូវបានចែកចាយ ហើយអាចមានការជួបគ្នាបន្តទៀត នេះបើតាមមន្ត្រីម្នាក់ដែលដឹងពីកិច្ចពិភាក្សា ដែលបានឱ្យដឹងនៅថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីរូបនេះថា គណៈប្រតិភូបានចាកចេញនៅថ្ងៃអាទិត្យ ដោយមិនមែនដោយសារការចរចាជួបការលំបាកនោះទេ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងថា កិច្ចចរចាផ្អែកលើផែនការ៧ជំហានរបស់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការទប់ស្កាត់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក ហើយថា គ្មានកិច្ចព្រមព្រៀងចុងក្រោយណាអាចចាប់ផ្តើមបានទេ លុះត្រាតែអាមេរិកបញ្ចប់ការទប់ស្កាត់នេះ។ លោកបន្ថែមថា ការទាមទាររបស់អ៊ីរ៉ង់ «សមហេតុផល»។

កាលពីថ្ងៃសៅរ៍ ទូរទស្សន៍ Al Jazeera បានដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ថា បើមានកិច្ចព្រមព្រៀង ច្រកសមុទ្រ Hormuz អាចបើកក្នុងរយៈពេល២ថ្ងៃ ជំនួសឱ្យ៧ថ្ងៃតាមការគ្រោងដើម។

គួរបញ្ជាក់ថា សំណើដំបូងរបស់អ៊ីរ៉ង់ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធ ហើយការទូតជុំថ្មីនេះធ្វើឡើងចំពេលមានការបារម្ភថា ជម្លោះអាចកើនកម្តៅឡើងវិញ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកថ្ងៃអង្គារ ដែលលោក ត្រាំ ថានឹងមិនវាយប្រហារអ៊ីរ៉ង់ថ្មីមុនការបោះឆ្នោត តែមិនបានច្រានចោលលទ្ធភាពនៃសកម្មភាពយោធាបន្ថែមឡើយ៕