បទវិភាគ៖ ស្វែងយល់ពីលេខសម្ងាត់ទទួលបានជោគជ័យនៃ”អភិបាលកិច្ចចិន” តាមរយៈកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០
02-11-2026 17:00
(ប៉េកាំង)៖ កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានប្រព្រឹត្តទៅពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលាកន្លងទៅ។កិច្ចប្រជុំលើកនេះ បានអនុម័តលើ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់ៗមួយចំនួនស្តីពីការប្រកាន់ខ្ជាប់ ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធចំពោះការងារប្រកាន់ខ្ជាប់ការបន្តជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំដ៏សំខាន់លើកនេះបានផ្តល់ជាបង្អួចដ៏សំខាន់មួយ សម្រាប់ឱ្យពិភពលោកឈ្វេងយល់ពីលេខសម្ងាត់ទទួលបានជោគជ័យនៃ“អភិបាលកិច្ចចិន” ។គណបក្សនយោបាយមួយអាចទទួលបាន ការគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាជន គឺឈរលើមូលដ្ឋាននៃការស្វែងរកផលប្រយោជន៍ជូនប្រជាជនជាប់ជានិច្ច ហើយគណបក្សមួយអាចរក្សាបាន នូវភាពរឹងមាំរយៈពេលវែង គឺឈរលើមូលដ្ឋាននៃការទទួលបានការទទួលស្គាល់និងការគាំទ្រយ៉ាងពិតប្រាកដពីប្រជាជន។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinpingជាប្រមុខស្នូល បានប្តេជ្ញាចិត្តលុបបំបាត់អំពើពុករលួយ តាមរយៈការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដោយតម្រូវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានភាពតឹងរ៉ឹងចំពោះខ្លួនឯង មានស្មារតីទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ខ្លួន និងធ្វើឱ្យឥរិយាបថរបស់បក្ស និងរចនាប័ទ្មរបស់រដ្ឋាភិបាលមានភាពស្អាតស្អំ ហេតុនេះហើយទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា “ក្រឡេកមើលពិភពលោកទាំងមូល គ្មានគណបក្សនយោបាយណាមួយយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍរបស់ខ្លួន ដូចបក្សកុម្មុយនិស្តចិននោះទេ ហើយជំរុញការធ្វើស្វ័យបដិវត្តន៍កម្រិតខ្ពស់តាមរយៈអាកប្បកិរិយាវិទ្យាសាស្ត្រ និងវិធីសាស្រ្តជាប្រព័ន្ធបែបនេះ។ នេះគឺជាឧត្តមភាពដ៏លេចធ្លោរបស់គណបក្សយើង ហើយក៏ជាគន្លឹះសម្រាប់ទទួលបានផលជោគជ័យក្នុងការដឹកនាំទិសដៅនៃយុគសម័យថ្មីផងដែរ”។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមសួស យ៉ារ៉ា អនុប្រធានទី១នៃគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំយល់ស្របយ៉ាងខ្លាំងជាមួយនឹងគំនិតរបស់លោកXiJinpingស្តីពីការកសាងបក្ស។ តាមទស្សនៈរបស់ខ្ញុំ គណបក្សកាន់អំណាចដែលមានវិន័យយ៉ាងតឹងរ៉ឹងអាចធានាបាននូវនិរន្តរភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ និងផ្លាស់ប្តូរចក្ខុវិស័យទៅជា ការអភិវឌ្ឍនិងវឌ្ឍនភាពជាក់ស្តែង។
ខណៈពេលផ្តល់បទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Kazbek Meigelzinov ប្រធានសមាគមសិក្សាស្រាវជ្រាវចិនរបស់កាហ្សាក់ស្ថានបានបញ្ជាក់ថា ក្នុងដំណាក់កាលប្រវត្តិសាស្ត្រផ្សេងៗ ជានិច្ចកាល ការត្រួតពិនិត្យផ្ទៃក្នុងដោយខ្លួនឯងនិងវិន័យដ៏តឹងរ៉ឹងរបស់បក្សកុម្មុយនិស្តចិនតែងតែជាមូលដ្ឋានគ្រឹះរបស់បក្ស ហើយនេះក៏ជាកត្តាស្នូល ដែលជំរុញដល់ការរីកចម្រើននិងការអភិវឌ្ឍរបស់ បក្សកុម្មុយនីស្តចិនផងដែរ។ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសចិនសម្រេចបានការអភិវឌ្ឍបែបលោតផ្លោះ ដែលក្លាយជាមហាអំណាចផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏សំខាន់នេះ គឺមិនអាចឃ្លាតចេញពីការកសាងប្រព័ន្ធរបបនិងការធានាខាងវិន័យដ៏តឹងរ៉ឹងរបស់បក្សកុម្មុយនីស្តចិនបានទេ ហើយនឹងមានអំណោយផលដល់ប្រទេសចិនឱ្យសម្រេចបាន នូវការអភិវឌ្ឍខាងនយោបាយ និងសេដ្ឋកិច្ចកាន់តែច្រើននៅលើឆាកអន្តរជាតិ។
បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់នូវការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ហើយធ្វើឱ្យការត្រួតពិនិត្យដោយខ្លួនឯង ផ្សារភ្ជាប់ជាមួយការត្រួតពិនិត្យដោយប្រជាជន ដើម្បីជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ។ នេះបានបំបែកការយល់ច្រឡំនៃការពឹងផ្អែកតែលើរូបមន្តរបស់បក្សនយោបាយលោកខាងលិច បានពង្រីកទ្រឹស្តី និងការអនុវត្តនៃការកសាងបក្សនៅទូទាំងពិភពលោក និងធ្វើឱ្យអរិយធម៌នយោបាយពិភពលោកមានភាពកាន់តែសំបូរបែប វាមិនត្រឹមតែជាការធានាដ៏សំខាន់សម្រាប់ការទទួលបានសមិទ្ធផលអភិវឌ្ឍន៍ដ៏អស្ចារ្យរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវមេរៀននិងបទពិសោធន៍សំខាន់ៗសម្រាប់អភិបាលកិច្ចគណបក្សនយោបាយនៅទូទាំងពិភពលោកផងដែរ។
លោក Hasan A. Ayed Al-Dajah សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Al-Hussein Bin Talalប្រទេសហ្ស៊កដានីបានថ្លែងថា ប្រទេសចិនអាចធ្វើសមាហរណកម្មនិងកែលម្អបទពិសោធន៍អភិបាលកិច្ចរបស់ខ្លួន ប្រែក្លាយគោលដៅរយៈពេលវែងទៅជាផែនការសកម្មភាពដែលអាចអនុវត្តបាន និងអាចរក្សាទិសដៅអភិវឌ្ឍន៍ធំប្រកបដោយស្ថិរភាព ការអនុវត្តខាងអភិបាលកិច្ចរបស់ប្រទេសចិនមានតម្លៃក្នុងការយកទៅសិក្សារៀនសូត្រ។
ឆ្នាំ២០២៦ គឺជាខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ផងដែរ។ កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ ដែលបានធ្វើឡើងនៅពេលវេលាដ៏សំខាន់នេះ បានចាត់ទុក “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”ជាប្រធានបទស្នូល វាឆ្លុះបញ្ចាំងពីផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់បក្សកុម្មុយនីស្តចិនសម្រាប់ពង្រឹងការអភិវឌ្ឍរបស់ខ្លួន។ ដូចជាប្រសាសន៍របស់លោកXiJinpingអ្នកដឹកនាំកំពូលរបស់ចិនដែលបានលើកឡើងថា “ការធ្វើកិច្ចការរបស់ប្រទេសចិនឱ្យបានល្អ សំខាន់គឺ ស្ថិតនៅត្រង់ថាបក្សត្រូវគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”។ នៅក្នុងដំណើរថ្មី បក្សកុម្មុយនិស្តចិននឹងបន្តពង្រឹងគុណសម្បត្តិដ៏ល្អឥតខ្ចោះរបស់ខ្លួន និងប្រើប្រាស់លេខសម្ងាត់គន្លឹះឱ្យបានល្អ ដើម្បីសាមគ្គីនិងដឹកនាំប្រជាជនចិន ក្នុងការសម្រេចបាននូវគោលដៅនៃការកសាងប្រទេសសង្គមនិយមទំនើបដ៏ខ្លាំងក្លា ដោយគ្រប់ជ្រុងជ្រោយ៕
វិទ្យុមិត្តភាពកម្ពុជាចិន

