FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី និងអ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមក អំពីការលួចចូល hack កម្មវិធី app ជូនដំណឹងគ្រាអាសន្ន (Video inside)

02-11-2026 15:32

(មូស្គូ,កៀវ)៖ រុស្ស៉ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាពីការលួចចូល hack កម្មវិធី app នៅលើទូរស័ព្ទដៃសម្រាប់ជូនដំណឹងគ្រាអាសន្ន របស់ភាគីម្ខាងទៀត ក្រោយបទឈប់បាញ់ក្រុង Oleshky ក្នុងតំបន់ Kherson ផុតកំណត់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រសួងទទួលបន្ទុកស្ថានភាពអាសន្នរបស់ទីក្រុងមូស្គូ បានឱ្យដឹងថា ក្រុម hackers បានបង្ហោះព័ត៌មានមិនពិតនៅលើ app ទូរស័ព្ទ ដោយបន្លំជូនដំណឹងដល់សាធារណជនអំពីការវាយប្រហារដោយដ្រូន និងការគំរាមកំហែងផ្សេងៗ។ ប៉ុន្មានម៉ោងមុននោះ អ៊ុយក្រែនបានលើកឡើងថា ខ្លួនសង្ស័យថា app ជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានគេលួចចូល hack បន្ទាប់ពីមានការជូនដំណឹងដោយគ្មានមូលដ្ឋានអំពីហានិភ័យនៃវិទ្យុសកម្ម លេចឡើងនៅក្នុង app នោះ។

មូស្គូ មិនបាននិយាយចំទេថានរណាជាអ្នកនៅពីក្រោយការលួចចូល hack កម្មវិធី app របស់ខ្លួន ខណៈដែលមជ្ឈមណ្ឌលទំនាក់ទំនងយុទ្ធសាស្ត្រ (SPRAVDI) របស់អ៊ុយក្រែន ចោទប្រកាន់រុស្ស៉ីថាជាអ្នកនៅពីក្រោយការលួចចូល hack ដែលខ្លួនជួបប្រទះ។ តាមអ៊ុយក្រែន ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យានេះ កើតមានឡើងនៅពេលដែលបទឈប់បាញ់ សម្រាប់ទីក្រុងភាគខាងកើតអ៊ុយក្រែន បញ្ចប់ទៅកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរុស្ស៉ីបដិសេធសំណើពន្យារពេល៕