FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនទទូចឱ្យអាមេរិកពង្រឹងវិន័យកងទ័ព បន្ទាប់ពីទាហានម៉ារីនម្នាក់ទៀត ត្រូវបានចាប់ខ្លួន (Video inside)

02-11-2026 14:35

(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយនៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ជប៉ុនបានជំរុញឱ្យសហរដ្ឋអាមេរិក ពង្រឹងការអនុវត្តវិន័យក្នុងចំណោមកងទ័ពរបស់ខ្លួន បន្ទាប់ពីទាហានម៉ារីនម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្នុងអំឡុងពេលនៃការដាក់ចេញបម្រាមគោចរ។ ការចាប់ខ្លួននេះកើតឡើង បន្ទាប់ពីករណីទាហានអាមេរិកម្នាក់ទៀត ត្រូវបានចាប់ខ្លួនពីបទសង្ស័យពាក់ព័ន្ធនឹងអំពើឃាតកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងកម្លាំងអាមេរិកនៅលើកោះអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ត្រូវបានហាមឃាត់មិនឱ្យផឹកគ្រឿងស្រវឹងរយៈពេល២ថ្ងៃ កាលពីដើមខែតុលាកន្លងទៅ ហើយត្រូវអនុវត្តបម្រាមគោចររយៈពេល៣០ថ្ងៃ បន្ទាប់ពីមានករណីស្ត្រីម្នាក់ត្រូវបានសម្លាប់ ជាមួយការចោទប្រកាន់ថា ប្រព្រឹត្តដោយទាហានម៉ារីនអាមេរិកម្នាក់។ ករណីនោះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន និងធ្វើឱ្យមានការវែកញែកដោលជាថ្មី អំពីវត្តមានយោធាអាមេរិកដ៏ច្រើន នៅលើកោះភាគខាងត្បូងមួយនេះ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថា ទាហានម៉ារីនម្នាក់ទៀត ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ តាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

លោក Koizumi បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «យើងបានស្នើឱ្យភាគីអាមេរិក អនុវត្តវិន័យយ៉ាងតឹងរ៉ឹងចំពោះទាហានរបស់ខ្លួន ហើយចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឱ្យករណីបែបនេះកើតឡើងម្ដងទៀត និងធានាឱ្យមានការគោរពយ៉ាងពេញលេញ ចំពោះការដាក់ចេញបម្រាមគោចរពេលយប់របស់ខ្លួន»។ លោកបានបន្ថែមថា «យើងចង់ឱ្យពួកគេចាត់ទុកហេតុការណ៍នេះជារឿងធ្ងន់ធ្ងរ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមានសមាជិកយោធាប្រមាណ ៥៤ ០០០នាក់ឈរជើងនៅក្នុងប្រទេសជប៉ុន ដែលភាគច្រើន ស្ថិតនៅលើកោះអូគីណាវ៉ា។ បទល្មើសដែលប្រព្រឹត្តដោយបុគ្គលិកយោធាអាមេរិក តែងតែជាបញ្ហារសើបក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏ជិតស្និទ្ធនឹងគ្នា៕