FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ូទី ថាមនុស្ស៧នាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត លើកំពង់ផែនិងរោងចក្រប្រេងនៅប្រទេសយេម៉ែន (Video inside)

02-11-2026 13:28

(សាណា)៖ ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន នាថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត បានកំណត់គោលដៅលើកំពង់ផែសំខាន់មួយជាប់សមុទ្រក្រហម និងទីតាំងផលិតប្រេងមួយកន្លែង ក្នុងខេត្ត Hodeidah បណ្ដាលឱ្យមនុស្ស ៧ នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមឧទ្ទាមដែលគាំទ្រដោយអ៉ីរ៉ង់នេះ កំពុងស្ថិតក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ បន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងជាថ្មី នៅប្រទេសមួយ ដែលស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតលើពិភពលោក។

អ្នកនាំពាក្យក្រសួងសុខាភិបាលរបស់ក្រុមហ៊ូទី លោក Anees Alasbahi បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា ការវាយប្រហាររបស់កងកម្លាំងចម្រុះអារ៉ាប៊ីសាអូឌីត លើកំពង់ផែ Ras Issa បានបណ្ដាលឱ្យជនស៊ីវិល ៤នាក់រងរបួស ខណៈមនុស្ស ៣នាក់ទៀតរងរបួស ក្នុងការវាយប្រហារលើទីតាំងផលិតប្រេងមួយកន្លែងនៅស្រុក Bajil។

បទឈប់បាញ់ផុយស្រួយ ដែលបានចូលជាធរមាន កាលពីឆ្នាំ២០២២ សម្រាប់សង្គ្រាមស៊ីវិលក្នុងប្រទេសយេម៉ែន បានដួលរលំនៅខែកក្កដា ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ូទីអនុញ្ញាតឱ្យយន្តហោះអ៉ីរ៉ង់១គ្រឿង ចុះចតនៅរដ្ឋធានីសាណា ដែលប្រឆាំងទៅនឹង ការគ្រប់គ្រងដែនអាកាសយេម៉ែនដោយអារ៉ាប៊ីសាអូឌីត ជាហេតុបង្កឱ្យមានរលកនៃការវាយប្រហារផ្ទុះឡើងវិញជាបន្តបន្ទាប់។

គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ មនុស្សសរុបជាង ១៦០០នាក់ត្រូវបានសម្លាប់ និងលើស ៣០០ ០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន ចាប់តាំងពីការប្រយុទ្ធគ្នានៅយេម៉ែន បានផ្ទុះឡើងជាថ្មី៕