FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង (Video inside)

02-11-2026 11:48

(MONTREAL,DUBUQUE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រដ្ឋបាលរបស់លោកមានគំនិតថ្មី សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដា ខណៈដែលលោកនាយករដ្ឋមន្ត្រី Mark Carney បានឱ្យដឹងថាមានការពិភាក្សាគ្នាប្រកបដោយផ្លែផ្កាជាមួយលោក​ ត្រាំ អំពីអនាគតនៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន Reuters។

«កាលពីម្សិលមិញ ខ្ញុំបាននិយាយជាមួយគាត់ (លោក Carney) ម្តងទៀត ហើយយើងមានគំនិតលើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ផលប្រយោជន៍ធំធេងដល់កសិករ និងដល់ប្រទេសរបស់យើង»។ នេះជាការលើកឡើងរបស់លោក ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុង Dubuque រដ្ឋ Iowa។

នៅថ្ងៃអាទិត្យនោះដែរ លោក Carney បានបង្ហោះសារលើបណ្តាញសង្គម X ថា «ផ្អែកលើកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា អំពីគ្រោងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងជួយបង្កើតការងារ ធ្វើឱ្យទំនិញ និងសេវាកម្ម កាន់តែមានតម្លៃសមរម្យសម្រាប់ពលរដ្ឋ គោរពយ៉ាងពេញលេញនូវភាសា វប្បធម៌ និងអធិបតេយ្យភាពរបស់កាណាដា ក្រុមការងាររបស់យើងនឹងធ្វើការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីសម្រេចឱ្យបាននូវលទ្ធផល»។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ កាណាដា និងសហរដ្ឋអាមេរិក បានដាក់ពន្ធគយលើទំនិញទៅវិញទៅមក ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ប៉ុន្តែកាលពីសប្តាហ៍មុន លោក ត្រាំ បានព្រលយថា វិសាលភាពនៃកិច្ចព្រមព្រៀងជាមួយកាណាដា នឹងរួមបញ្ចូលទាំងគម្រោងបំពង់បង្ហូរប្រេង Keystone XL។ អ្នកនាំពាក្យរបស់លោក Dominic LeBlanc រដ្ឋមន្ត្រីកាណាដាទទួលបន្ទុកផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មិនបានផ្តល់មតិយោបល់បន្ថែមអ្វីទៀតទេ កាលពីល្ងាចថ្ងៃអាទិត្យ ក្រៅពីអ្វីដែលលោក Carney បានលើកឡើង៕