FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ (Video inside)

01-11-2026 12:07

(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ បានព្រមានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ថា អ៉ីរ៉ង់នឹងបើកការវាយប្រហារថ្មីដូចគ្នា ប្រសិនបើអាមេរិកនិងអ៉ីស្រាអែល ពិតជាធ្វើតាមពាក្យសម្តីគំរាមកំហែងរបស់ខ្លួន ក្នុងការបន្តការវាយប្រហារជាថ្មី ក្រោយការបោះឆ្នោតដ៏សំខាន់ នៅក្នុងប្រទេសទាំងពីរ ជាហេតុធ្វើឱ្យកើនការព្រួយបារម្ភអំពីលទ្ធភាពសង្គ្រាមផ្ទុះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចបើកប្រតិបត្តិការយោធាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ចប់ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា អាមេរិកបានកម្ទេចសមត្ថភាពយោធាភាគច្រើនរបស់អ៉ីរ៉ង់ ប៉ុន្តែនៅត្រូវចាត់ការលើគោលដៅមួយឬពីរទៀត រួមទាំងទីតាំងសង្ស័យនុយក្លេអ៊ែរមួយកន្លែងផងដែរ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយក្នុងថ្ងៃដដែលដូច្នេះថា «ប្រសិនបើមានដំណោះស្រាយតាមផ្លូវការទូត យើងនឹងនៅតែបើកទ្វារចំហ»។

ដោយឡែក នៅប្រទេសអ៉ីស្រាអែល ដែលទើបតែបញ្ចប់ការបោះឆ្នោតសកល នាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយអំពីអ្វីដែលលោក ហៅថាជា «ឱកាសប្រវត្តិសាស្ត្រមានតែម្តងគត់» ដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៉ីរ៉ង់។ ការបោះឆ្នោតនៅប្រទេសទាំងពីរ អាចនឹងកំណត់ទិសដៅនៃសង្រ្គាមមជ្ឈិមបូព៌ា ដោយអ៉ីស្រាអែលបានបោះឆ្នោតរួចហើយក៏ពិតមែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែមិនទាន់បង្កើតរដ្ឋាភិបាលថ្មីបាននៅឡើយទេ។

មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei ក៏បានបង្គាប់ឱ្យក្រុមមេបញ្ជាការយោធារបស់លោក ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅរបស់អ៉ីរ៉ង់ ដោយរាប់បញ្ចូល «ធន​ធានទាំងរូបីនិងអរូបីគ្រប់ប្រភេទ ដែលជាកម្មសិទ្ធិរបស់អាមេរិក និងរបប Zonist (អ៉ីស្រាអែល) ផងដែរ។ កន្លងមក អ៉ីរ៉ង់បានព្រមានថា ខ្លួនអាចពិចារណាបំផ្លាញបណ្តាញខ្សែកាបក្រោមបាតសមុទ្រ នៅច្រកសមុទ្រ Hormuz។ លោក Mojtaba Khamenei មិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីមុនពេលឡើងកាន់តំណែងកំពូល កាលពីខែមីនា ក្រោយមរណភាពឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ក្នុងការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែល នៅថ្ងៃដំបូងនៃសង្រ្គាម។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានបន្តអះអាងថា ការចរចាជាមួយអ៉ីរ៉ង់ សំដៅស្វែងរកទីបញ្ចប់សម្រាប់សង្គ្រាម ដែលសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបំផ្ទុះឡើង កាលពីចុងខែកុម្ភៈ កំពុងដំណើរការល្អ ប៉ុន្តែមិនអាចសូវទុកចិត្តបាននោះទេ។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយជាថ្មីថា ទីក្រុងវ៉ាស៊ីនតោនមិនប្រញាប់ប្រញាល់បើកការវាយប្រហារឡើងវិញឡើយ ព្រោះសហរដ្ឋអាមេរិក បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះសមត្ថភាពយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់រួចទៅហើយ៕