លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន (Video inside)
01-11-2026 10:32
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ថា សមាជិកព្រឹទ្ធសភាប្រេស៊ីល លោក Flavio Bolsonaro ដែលបានទទួលបរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសរបស់ខ្លួន ក្រោយប្រកួតប្រជែងជាមួយប្រធានាធិបតីកំពុងកាន់អំណាច លោក Luiz Inacio Lula da Silva អាចស្នាក់នៅសហរដ្ឋអាមេរិកយូរប៉ុណ្ណាក៏បានដែរតាមតែចិត្តចង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យ៉ាងណាមិញ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯក្លឹបរីសត Mar-a-Lago របស់លោក ក្នុងទីក្រុង Palm Beach រដ្ឋ Florida លោក ត្រាំ បាននិយាយថា លោកមិនមានគម្រោងជួបជាមួយលោក Bolsonaro ដែលបានរត់ភៀសខ្លួនមកកាន់សហរដ្ឋអាមេរិក ក្រោយចាញ់ការបោះឆ្នោតនៅប្រេស៉ីលនោះទេ។ លោក Bolsonaro និងគ្រួសារ បានចាកចេញពីប្រទេសប្រេស៉ីល ក្រោយបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
គួរបញ្ជាក់ថា ពេលទៅដល់ទឹកដីអាមេរិកភ្លាម ក្នុងសប្តាហ៍នេះ លោក Flavio Bolsonaro បានប្រកាសតែងតាំងខ្លួន ជាប្រធានាធិបតីពិតប្រាកដរបស់ប្រេស៉ីល ដោយអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត។ លោក ត្រាំ ដែលជាសម្ព័ន្ធមិត្តរបស់លោក Bolsonaro ក៏បានទទូចពីភាពមិនប្រក្រតីបានកើតឡើង ក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលដែរ ប៉ុន្តែបានប្រាប់អ្នកសារព័ត៌មានថា រូបលោកនឹងមិនលូកដៃពាក់ព័ន្ធនឹង ការប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីប្រេស៊ីល របស់លោក Flavio Bolsonaro នោះទេ៕


