FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល (Video inside)

01-11-2026 09:43

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងក្បាលគ្រាប់បែកចង្កោម ដែលជាការធ្វើតេស្តអាវុធថ្មីចុងក្រោយបង្អស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការសាកល្បងសព្វាវុធខាងលើ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ កើតឡើងបន្ទាប់កូរ៉េខាងជើង បានសាកល្បងអាវុធជាច្រើនប្រភេទ នាពេលថ្មីៗនេះ រួមមានទាំងយន្តហោះដ្រូនសម្រាប់វាយប្រហារ ប្រព័ន្ធមីស៉ីលរត់ក្រោមផ្ទៃទឹកស៊េរីថ្មីមានសមត្ថភាពជាក់លាក់ខ្ពស់ ហើយនិងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម។

មិនតែប៉ុណ្ណោះ ពួកវាកើតមានចំពេលភាពតានតឹងកំពុងកើនឡើង ជុំវិញហេតុការណ៍ផ្ទុះមីននៅព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស កាលពីខែកញ្ញា។ កូរ៉េខាងជើង បានបដិសេធទទួលខុសត្រូវចំពោះករណីនោះ និងបានប្តេជ្ញាថា នឹងពង្រឹងតំបន់ព្រំដែនរបស់ខ្លួនបន្ថែមទៀត ព្រមទាំងចាប់ផ្តើមយុទ្ធនាការចាក់ឧបករណ៍បំពងសំឡេងឃោសនាឡើងវិញ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ការធ្វើតេស្តកាលពីថ្ងៃសៅរ៍ គឺដើម្បីវាយតម្លៃការសម្របខ្លួនទៅនឹង ស្ថានភាពប្រយុទ្ធនិងអានុភាពរបស់ក្បាលគ្រាប់បែកចង្កោម ដែលត្រូវបានបំពាក់លើមីស៊ីលបាលីស្ទិកតាកទិក។ មន្ត្រីកូរ៉េខាងជើង បាននិយាយថា ការសាកល្បងនោះបានបញ្ជាក់ថា អាវុធខាងលើមានសមត្ថភាពបំផ្លាញតំបន់គោលដៅ ដែលមានផ្ទៃដីទំហំចន្លោះ ១២ ទៅ ១៣ហិកតា ឱ្យក្លាយជាផេះ ដោយប្រើប្រាស់អានុភាពបំផ្លិចបំផ្លាញក្នុងកម្រិតខ្ពស់បំផុតរបស់វា។

អគ្គនាយកនៃរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង បាននិយាយដូច្នេះថា «ក្បាលគ្រាប់បែកចង្កោមនេះ មានបួនប្រភេទ ហើយនៅក្នុងឆ្នាំនេះ យើងនឹងធ្វើឱ្យអង្គភាពយោធា អាចជ្រើសរើសនិងប្រើប្រាស់គ្រប់ប្រភេទទាំងនោះ ដោយយោងទៅតាមគោលបំណងប្រតិបត្តិការ និងលក្ខណៈជាក់លាក់នៃគោលដៅ»។

គួរបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនបានចូលរួមមានវត្តមាន ក្នុងការសាកល្បងសព្វាវុធកាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែលោកធ្លាប់បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ដែលបំពាក់ក្បាលគ្រាប់បែកចង្កោម កាលពីខែមេសា។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើង ក៏បានបាញ់សាកល្បងផងដែរនូវមីស៊ីលបាលិស្ទីគប្រហែលជាង ១០គ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ឆ្ពោះទៅកាន់សមុទ្រ ខណៈដែលអធិការបតីប្រទេសអាល្លឺម៉ង់ លោក Friedrich Merz មកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង៕