FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អេហ្ស៉ីបបារម្ភថាការផ្ទុះសង្រ្គាមឡើងវិញរវាងអាមេរិក-អ៉ីរ៉ង់ នឹងបង្កវិនាសកម្មធំធេង

31-10-2026 16:48

(MANAMA)៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៉ីប លោក Badr Abdelatty នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ បាននិយាយថារូបលោកមានការព្រួយបារម្ភយ៉ាងខ្លាំងថាការផ្ទុះសង្រ្គាមឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់អាចនឹងបង្កវិនាសកម្ម និងផលប៉ះពាល់កាន់តែធំជាងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Badr Abdelatty ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំសន្តិសុខ ⁠IISS Manama Dialogue ក្នុងប្រទេសបារ៉ែន។ លោកប្រមុខការទូតអេហ្ស៉ីបបានគូសបញ្ជាក់ដូច្នេះថា «ជុំទី២ណាមួយនៃសង្រ្គាម (រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់) នឹងកាន់តែមានគ្រោះថ្នាក់ កាន់តែបង្កវិនាសកម្ម ហើយបង្កផលប៉ះពាល់ទៅកាន់គ្រប់ទីកន្លែង។ យើងគួរតែរៀនសូត្រពីមេរៀនដែលបានកើតឡើងពីអតីតកាល»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលត្រូវបានឈានដល់កាលពីខែមិថុនាកន្លងទៅ បានបរាជ័យក្នុងការនាំទៅរកបទឈប់បាញ់យូរអង្វែងនៅក្នុងសង្រ្គាមអ៉ីរ៉ង់ និងការស្ដារឡើងវិញនូវការធ្វើនាវាចរជាធម្មតាមរបស់កប៉ាល់ពាណិជ្ជកម្មឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ ចាប់តាំងពីពេលនោះមក អ៉ីរ៉ង់បានដាក់លក្ខខណ្ឌឱ្យសហរដ្ឋអាមេរិកលុបចោលការបិទខ្ទប់លើកំពង់ផែរបស់ខ្លួន ជាថ្នូរទៅនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ តែមកទល់នឹងពេលនេះមិនមានលទ្ធផលអ្វីទេ ចំពោះការព្រួយបារម្ភពីលទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោនអាចនឹងបើកការវាយប្រហារលើអ៉ីរ៉ង់នៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។

ក្រុមអ្នកសម្របសម្រួលកាតាកាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានចាប់ផ្ដើមឡើងវិញកិច្ចប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀង។ ប៉ុន្តែភាគីពាក់ព័ន្ធនៅតែមានការខ្វែងគំនិតគ្នាថាតើកិច្ចចរចាលើសំណុំរឿងនុយក្លេអ៊ែរ ឬការបន្ធូរបន្ថយទណ្ឌកម្ម និងការលុបចោលការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ មួយណាត្រូវយកទៅពិភាក្សាមុន៕