កូរ៉េខាងជើង៖ ទណ្ឌកម្មមិនអាចកែប្រែឋានៈជារដ្ឋអាវុធនុយក្លេអ៊ែររបស់យើងឡើយ (Video inside)

31-10-2026 14:20

​(សេអ៊ូល)៖ កូរ៉េខាងជើងបានថ្កោលទោសសេចក្ដីថ្លែងការណ៍រួមមួយរបស់ក្រុមប្រទេសតាមដានការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ថាបានបំពានលើអធិបតេយ្យរបស់ខ្លួនយ៉ាងគឃ្លើន កើតចេញពីអរិភាពបង្កឡើងដោយសហរដ្ឋអាមេរិក និងលោកខាងលិច។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីថ្លែងការណ៍មួយចេញផ្សាយក្នុងសប្ដាហ៍នេះដោយក្រុមប្រទេសខាងលើរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ព្រីតថេន និងកូរ៉េខាងត្បូងបានអំពាវនាវឱ្យរដ្ឋជាសមាជិក UN ដទៃទៀតអនុវត្តឱ្យបានពេញលេញតាមដំណោះស្រាយដាក់ទណ្ឌកម្ម UN ដែលបានដាក់បម្រាមលើការជួលពលករកូរ៉េខាងជើង និងធ្វើកិច្ចសហប្រតិបត្តិការយោធាជាមួយព្យុងយ៉ាង។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា «ការដាក់ទណ្ឌកម្ម និងសម្ពាធប្រហែលជាមានប្រសិទ្ធភាពលើប្រទេសទន់ខ្សោយ តែមិនមែនពួកយើងទេ»។ KCNA ដោយស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើងបានបន្ថែមទៀតថាការដាក់ទណ្ឌកម្មដដែលៗរបស់សហរដ្ឋអាមេរិក និងលោកខាងលិចមិនអាចផ្លាស់ប្ដូរ គោលជំហររបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋអាវុធនុយក្លេអ៊ែរឡើយ។

គួរបញ្ជាក់ថា ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលត្រូវបានអនុម័តឡើងចាប់តាំងពីឆ្នាំ២០០៦ មានគោលដៅបិទបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង៕