មន្ទីរបញ្ចកោណប្រាប់បណ្ដាប្រទេសអឺរ៉ុប ឱ្យបន្ថយសំឡេងរិះគន់ប្រឆាំងនឹងរុស្ស៉ី (Video inside)

31-10-2026 13:35

(Reuters)៖ ក្រុមមន្ត្រីមន្ទីរបញ្ចកោណ កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានស្នើសុំឱ្យបណ្ដាប្រទេសជាសមាជិក NATO ជាច្រើនបន្ថយសំឡេង រិះគន់ប្រឆាំងនឹងរុស្ស៉ី ដោយអះអាងថាសេចក្ដីថ្លែងការណ៍របស់មេដឹកនាំ និងក្រុមមន្ត្រីអឺរ៉ុបមួយចំនួនបាន និងកំពុងបំផ្លាញដល់សន្តិសុខទ្វីបអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

Reuters ដោយផ្អែកលើប្រភពពីមន្ត្រី៤នាក់ដែលបានដឹងពីបញ្ហាខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថានៅក្នុងចំណោមប្រទេសអឺរ៉ុបដែលទទួលបានសារជំរុញឱ្យពួកគេបន្ថយសំឡេងរិះគន់រុស្ស៉ី ក្នុងនោះរួមមាន លីទុយអានី ឡេតូនី និងអេស្ដនី។ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើសារបែបនេះដែលត្រូវបានបញ្ជូនក្នុងជំនួបទ្វេភាគី ត្រូវបានប្រគល់ទៅឱ្យរដ្ឋាភិបាលអឺរ៉ុបផ្សេងទៀតដែរឬក៏យ៉ាងណានោះទេ?

សំណើរបស់សហរដ្ឋអាមេរិកធ្វើឡើងចំពេលរដ្ឋបាលលោក ត្រាំ បានចាប់ផ្ដើមឡើងវិញនូវកិច្ចប្រឹងប្រែងស្ដារកិច្ចចរចាសន្តិភាពបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលឥលូវបានចូលដល់ឆ្នាំទី៥ហើយ។ ការស្នើសុំនេះទៀតសោតត្រូវបានគេមើលឃើញថាជាសម្បទានចុងក្រោយបំផុតមួយក្នុងចំណោមសម្បទានរបស់រដ្ឋបាលលោក ត្រាំសម្រាប់រុស្ស៉ី ក្នុងនោះរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្ម និងការដាក់សម្ពាធលើអ៊ុយក្រែនឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរុស្ស៉ី ខណៈមូស្គូនៅតែបន្តវាយប្រហារលើបណ្ដាក្រុងអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅពេលស្នើសុំការធ្វើអត្ថាធិប្បាយ មន្ត្រីមន្ទីរបញ្ចកោណម្នាក់បាននិយាយថាដោយសារតែការស្នើនោះធ្វើឡើងក្នុងកិច្ចសន្ទនាជាលក្ខណៈឯកជនជាមួយសម្ព័ន្ធមិត្ត ដូច្នេះខាងមន្ទីរបញ្ចកោណនឹងមិនធ្វើការបកស្រាយអ្វីនោះទេ៕