សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្ដេជ្ញាចិត្តលើការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង (Video inside)
31-10-2026 11:49
(សេអ៊ូល)៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃសោរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ឡើងវិញការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះឋានៈជារដ្ឋអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការសង្ស័យជាច្រើនបានផ្ទុះឡើងជុំវិញលទ្ធភាពដែលជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនអាចនឹងកើតឡើងនៅឯកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសចិននៅខែវិច្ឆិកាខាងមុខ បន្ទាប់ពីលោក ត្រាំ បានទទូចម្ដងហើយម្ដងទៀតពីបំណងចង់ជួបលោក គីមសាជាថ្មី ដើម្បីជជែកពីសំណុំរឿងនុយក្លេអ៊ែរ។
តាមក្រសួងការបរទេសអាមេរិក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងសមភាគីជប៉ុន លោក Toshimitsu Motegi បានគូសបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំង៣ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង នាឱកាសចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ប្រមុខការទូតទាំង៣ ក៏បានសន្យាផងដែរពីការអនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះរួមមានទាំងបម្រាមលើការគាំទ្រដល់ការរកចំណូលរបស់កូរ៉េខាងជើងយកទៅផ្គត់ផ្គង់កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់របបដឹកនាំលោក គីម។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងចង់ជួបលោក គីម ជុងអ៊ុនសាជាថ្មីសម្រាប់កិច្ចពិភាក្សា នុយក្លេអ៊ែរ ហើយជាការឱ្យសញ្ញាវិជ្ជមាន លោកបានកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ តែមកទល់នឹងពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់បានឆ្លើយតបទៅនឹងបំណងរបស់លោក ត្រាំ នោះទេ៕

