កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
30-10-2026 16:22
(សេអ៊ូល)៖ មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាកូរ៉េខាងត្បូងនឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងសិស្សដែលត្រូវចាប់បានថាបានលួចចម្លង នៅក្នុងការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ជាតិ ដោយប្រើប្រាស់វ៉ែនតាឆ្លាតវៃ (smart glasses) ព្រមទាំងបង្កើនទោសទណ្ឌចំពោះការប្រើប្រាស់ឧបករណ៍ទាំងនេះ។ នេះបើយោងតាមការចេញផ្សាយនាថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។
វ៉ែនតាឆ្លាតវៃ អនុញ្ញាតឱ្យអ្នកពាក់ថតរូប និងវីដេអូ ព្រមទាំងសួរនាំជាមួយ AI និងប្រើប្រាស់មុខងារផ្សេងៗទៀត កំពុងដាក់លក់ដាច់នៅទូទាំងពិភពលោក ប៉ុន្តែទន្ទឹមនេះក៏មានប្រតិកម្មតប រួមទាំងក្តីបារម្ភពីការថតរូបភាពមនុស្សដោយគ្មានការយល់ព្រម និងការប្រើប្រាស់ឧបករណ៍ទាំងនោះដើម្បីលួចចម្លងក្នុងការប្រឡង។
ការប្រឡងចូលមហាវិទ្យាល័យនៅកូរ៉េខាងត្បូង ដែលគេស្គាល់ថា «Suneung» គឺមានភាពតឹងរ៉ឹងបំផុត។ ការប្រឡងនេះមានសារៈសំខាន់ណាស់ សម្រាប់ការចូលរៀននៅតាមសាកលវិទ្យាល័យលំដាប់កំពូលៗ ហើយត្រូវបានគេចាត់ទុកថាជាផ្លូវឆ្ពោះទៅការងារល្អមានប្រាក់ខែខ្ពស់ និងនាំទៅរកការរៀបអាពាហ៍ពិពាហ៍ដ៏ល្អប្រសើរទៀតផង។
លោក Lee Joon-hyuk មន្ត្រីម្នាក់មកពីក្រសួងអប់រំ ប្រាប់ AFP ថានៅពេលអនាគត ក្រសួងនឹងចាត់វិធានការចោទប្រកាន់តាមផ្លូវព្រហ្មទណ្ឌទៅលើសិស្សរូបណា ដែលត្រូវចាប់បានថាបានលួចចម្លង ដោយប្រើវ៉ែនតាឆ្លាតវៃ។ យោងតាមផែនការ សិស្សដែលត្រូវចាប់បានថាបានលួចចម្លងដោយប្រើវ៉ែនតាឆ្លាតវៃ នឹងមិនអាចចូលប្រឡងឡើងវិញបានឡើយ ក្នុងរយៈពេល ៣ឆ្នាំ ដែលនេះគឺជាការបង្កើនរយៈពេលពីទោសទណ្ឌបច្ចុប្បន្នដែលមានរយៈពេល ១ឆ្នាំ។
គួរបញ្ជាក់ថា ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីនិស្សិត ៣នាក់ត្រូវបានគេរកឃើញថាបានពាក់ ឬកាន់វ៉ែនតាឆ្លាតវៃ អំឡុងពេលប្រឡងសរសេរតែងសេចក្ដី ដែលរៀបចំឡើងដោយគ្រឹះស្ថានអប់រំ នៅតាមសាកលវិទ្យាល័យនានា ក្នុងទីក្រុងសេអ៊ូល៕

