FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥

29-10-2026 16:51

(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុងនៃប្រទេសចិន លោក John Lee នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ រួមជាមួយក្រុមមន្រ្តីដទៃទៀត បានរួមគ្នាឱនមុខសុំទោសជាសាធារណៈ សម្រាប់គ្រោះអគ្គិភ័យដ៏ប្រល័យមួយ ដែលបានផ្តាច់ជីវិតមនុស្សសរុប ១៦៨ នាក់ នៅក្នុងទីក្រុងស្វយ័តនេះ កាលពីខែវិច្ឆិកា ឆ្នាំមុន ហើយលោកសន្យាថា នឹងធ្វើកំណែទម្រង់ទូលំទូលាយ លើវិស័យសំណង់និងប្រព័ន្ធត្រួតពិនិត្យបទប្បញ្ញត្តិនៃវិស័យនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការសុំទោសខាងលើធ្វើឡើង មុនពេលលោក Lee ត្រូវចេញផ្សាយរបាយការណ៍ដ៏ក្បោះក្បាយមួយ រៀបចំដោយគណៈកម្មការស៊ើបអង្កេត ដែលដឹកនាំដោយចៅក្រម។ គេរំពឹងថារបាយការណ៍នេះ នឹងរៀបរាប់លម្អិតអំពីកំហុសជាច្រើនក្នុងការអនុវត្តបទប្បញ្ញត្តិ និងការត្រួតពិនិត្យទាក់ទងប្រព័ន្ធជួសជុលកែលម្អអគារ នៅទីក្រុងហុងកុង។

ទន្ទឹមគ្នា លោក Lee ក៏បានប្រកាសផងដែរ ពីការលាលែងពីតំណែងរបស់មន្រ្តីទទួលបន្ទុកកិច្ចការលំនៅឋានរបស់ហុងកុង លោកស្រី Winnie Ho ហើយលោកបញ្ជាក់ថា ស្ថាប័នរដ្ឋាភិបាលចំនួនសរុបចំនួន៤ ដែលមានចំណែកទទួលខុសត្រូវ ចំពោះហេតុការណ៍កាលពីឆ្នាំ២០២៥។ លោកស្រី Ho គឺជាមន្ត្រីហុងកុងដំបូងគេ ដែលលាលែងពីតំណែងពាក់ព័ន្ធនឹងករណីគ្រោះអគ្គិភ័យនេះ។

បន្ទាប់ពីទទួលបានរបាយការណ៍របស់គណៈកម្មការស៉ើបអង្កេត កាលពីសប្តាហ៍មុន រដ្ឋាភិបាលហុងកុង ត្រូវបានរំពឹងថា នឹងសម្រេចថាតើបុគ្គល ឬមន្ត្រីណាខ្លះទៀត គួរត្រូវទទួលខុសត្រូវចំពោះហេតុការណ៍នេះ ប្រសិនបើមាន ព្រមទាំងកំណត់នូវវិធានការវិន័យ និងរៀបចំផែនការកំណែទម្រង់។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ បានឆាបឆេះអគារខ្ពស់កម្ពស់ ៣១ជាន់ សរុបចំនួន៧ខ្នង នៅក្នុងបុរីលំនៅឋាន Wang Fuk Court ដែលស្ថិតក្រោមដំណើរការជួសជុលកែលម្អ នៅសង្កាត់ Tai Po ភាគខាងជើងទីក្រុងហុងកុង។ វាជាអគ្គិភ័យដ៏ប្រល័យបំផុតនៅក្នុងទីក្រុងនេះ គិតចាប់តាំងពីឆ្នាំ១៩៤៨។ ក្រៅពីមនុស្សស្លាប់ ប្រជាជនហុងកុងរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋាន បន្ទាប់ពីផ្ទះរបស់ពួកគេ លែងអាចរស់នៅបានតទៅទៀត៕