អនុប្រធានាធិបតីអាមេរិក បានទាក់ទងទៅមន្ត្រីសន្តិសុខកំពូលរបស់អ៉ីរ៉ង់ ដើម្បីព្យាយាមស្តារកិច្ចចរចាសន្តិភាព (Video inside)
29-10-2026 15:43
(វ៉ាស៉ីនតោន)៖ កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានទាក់ទងទៅកាន់ មន្រ្តីកំពូលទទួលបន្ទុកសន្តិសុខរបស់ប្រទេសអ៉ីរ៉ង់ ក្នុងគោលបំណងជំរុញឱ្យមានកិច្ចចរចាសន្តិភាពឡើងវិញ ដែលអាចនឹងជួយទប់ស្កាត់មិនឱ្យមានការវាយប្រហារជាថ្មីរបស់អាមេរិក លើសាធារណរដ្ឋអ៉ីស្លាមមួយនេះ។
Wall Street Journal បានរាយការណ៍ថា លោក Vance បានផ្ញើលិខិតមួយទៅកាន់លោក Mohsen Rezaei ដែលមានតួនាទីជា ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់។ ផ្អែកលើប្រភពដែលខ្លួនទទួលបាន កាសែតអាមេរិក បាននិយាយថា ការផ្ញើលិខិតនេះ ធ្វើឡើងតាមការណែនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ទាល់។
កាសែត Wall Street Journal ក៏បានរាយការណ៍ដែរថា ទីក្រុងវ៉ាស៊ីនតោន បានជូនដំណឹងទៅកាន់ប្រទេសអារ៉ាប់មួយចំនួន នៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការបើកប្រតិបត្តិការយោធាជាថ្មី ក្នុងរយៈពេលខ្លីប៉ុន្តែមានភាពខ្លាំងក្លាប្រឆាំងនឹងអ៉ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកា។ ទោះជាយ៉ាងណា Wall Street Journal បានអះអាងថាលោក ត្រាំ មិនទាន់សម្រេចចិត្តជាផ្លូវការនៅឡើយទេ។
ដោយឡែក យោធាអ៉ីរ៉ង់ បានព្រមានរួចហើយថា ខ្លួននឹងសងសឹកក្នុងទ្រង់ទ្រាយកាន់តែធំ ប្រសិនបើមានការវាយប្រហារថ្មីណាមួយកើតឡើង។ លោក Rezaei ផ្ទាល់ធ្លាប់និយាយថា អ៉ីរ៉ង់អាចនឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងគោលដៅផ្សេងៗទៀត ដែលទាក់ទងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕

