FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគប្រហែលជាង១០គ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ (Video inside)

29-10-2026 14:39

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ប្រហែលជាង ១០គ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ពោលគឺមិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីកូរ៉េខាងត្បូង បានអំពាវនាវឱ្យមានកិច្ចចរចាជុំវិញបញ្ហាព្រំដែន ដែលកំពុងកើនឡើងភាពតានតឹង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនបានប្រទះឃើញសញ្ញា មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ប្រហែលជាង ១០គ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅសមុទ្រខាងកើត ដែលគេស្គាល់ផងដែរថាជា សមុទ្រជប៉ុន។ ដោយឡែក កងឆ្មាំសមុទ្រជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា «វត្ថុមួយដែលទំនងជា មីស៉ីលបាលិស្ទីគបាញ់ចេញពីកូរ៉េខាងជើង ហាក់ដូចជាបានធ្លាក់ចូលសមុទ្រ» ប៉ុន្តែបានអំពាវនាវឱ្យកប៉ាល់នានា មានការប្រុងប្រយ័ត្ន។

នាពេលថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងសព្វាវុធជាច្រើនប្រភេទ រួមមានទាំងប្រព័ន្ធមីស៉ីលរត់ក្រោមផ្ទៃទឹក (torpedo) ស៊េរីថ្មី និងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម ដែលបើតាមការអះអាង អាវុធទាំងពីរប្រភេទនេះ សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលជាច្រើនគ្រាប់នាថ្ងៃព្រហស្បតិ៍នេះ កើតមានចំពេលភាពតានតឹងកំពុងកើនឡើង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីន នៅតំបន់ព្រំដែនអន្តរកូរ៉េ កាលពីខែកញ្ញា ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។ ការស៊ើបអង្កេតរួមគ្នារវាងទីក្រុងសេអ៊ូល និងអង្គការសហប្រជាជាតិ ក្នុងខែតុលានេះ បានសន្និដ្ឋានថា កូរ៉េខាងជើង គឺជាអ្នកដែលបានដាក់មីនទាំងនោះ កាលពីជាងមួយឆ្នាំមុន។ ទីក្រុងសេអ៊ូល ចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានរំលោភបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានអំពាវនាវឱ្យកូរ៉េខាងជើង វិលត្រឡប់មកកាន់កិច្ចសន្ទនាវិញ៕