រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី៖ ការពង្រីកយោធារបស់ចិនបង្កើតសម្ពាធក្នុងតំបន់អាស៊ីអាគ្នេយ៍
29-10-2026 11:51
(CEBU, ហ្វីលីពីន)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាការបង្កើនពង្រីកយោធារបស់ចិនបាន និងកំពុងបង្កើតជាសម្ពាធមួយនៅក្នុងអាស៊ីអគ្នេយ៍ ហើយបានជំរុញឱ្យសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិនត្រូវបានរាយការណ៍ថាបានដាក់ពង្រាយឆ្មាំសមុទ្ររាប់រយនាក់ កងទ័ពជើងទឹក និងនាវាជាច្រើនដើម្បីល្បាតនៅឯតំបន់ជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងជាទីដែលប៉េកាំងទាមទារចំណែកគ្រប់គ្រងស្ទើរតែទាំងស្រុង។ កាលពីខែកក្កដាកន្លងទៅ អូស្ត្រាលីបានសម្ដែងការតវ៉ាចំពោះការធ្វើតេស្តបាញ់មីស៊ីលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ដោយចាត់ទុកការធ្វើតេស្ដនេះជាទង្វើបង្កអស្ថិរភាព។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះនាឱកាសចូលរួមកិច្ចប្រជុំរបស់បណ្ដារដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងប្រទេសហ្វីលីពីន លោក Marles បានលើកឡើងថា «យើងកំពុង មើលឃើញការពង្រីកយោធាដ៏ធំបំផុតមួយរបស់ចិន ដែលពិភពលោកមិនធ្លាប់បានឃើញចាប់តាំងពីសង្រ្គាមលោកលើកទី២មក»។ ប្រមុខការពារជាតិអូស្ត្រាលីបានបន្ថែមទៀតថាមិនមាន ការពន្យល់ណាមួយពីចិននោះទេថាហេតុអ្វីបានជាប៉េកាំងកំពុងពង្រីកយោធា ដែលនេះបានបង្កើតជាសម្ពាធមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា លោក Marles ក៏បានឱ្យដឹងដែរថានៅថ្ងៃព្រហស្បតិ៍នេះរូបលោកបានជួបរដ្ឋមន្ត្រីការពារជាតិមកពីក្រុមប្រទេស Squad ដែលជាសម្ព័ន្ធភាពការពារជាតិក្រៅផ្លូវការមួយមានសមាជិកដូចជាអូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន៕
