ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល (Video inside)
29-10-2026 10:55
(Miami, សហរដ្ឋអាមេរិក)៖ បេក្ខជនប្រធានាធិបតីស្ដាំនិយមចាញ់ឆ្នោតរបស់ប្រេស៊ីល លោក Flavio Bolsonaro នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ បានប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីពិតប្រាកដរបស់ប្រេស៊ីល បន្ទាប់ពីរូបលោក និងក្រុមគ្រួសាររត់ភៀសខ្លួនទៅដល់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្ដើមការរស់នៅនិរទេសខ្លួនឯងនៅឯបរទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Flavio និងក្រុមគ្រួសារមានទាំងភរិយា និងកូនបានធ្វើដំណើរតាមយន្ដហោះឯកជនមួយទៅដល់អាកាសយានដ្ឋាន Opa-Locka Executive Airport ស្ថិតនៅក្បែរទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃពុធសប្ដាហ៍នេះ។ «ខ្ញុំជាប្រធានាធិបតីជាប់ឆ្នោត ហើយពួកឧក្រិដ្ឋជនដែលបានលួចបន្លំក្នុងការបោះឆ្នោតរបស់ប្រេស៊ីលគឺជាផ្នែកនៃអង្គការឧក្រិដ្ឋជនមួយដែលត្រូវបានបង្កើតឡើងជនផ្ដាច់ការម្នាក់»។ ជាការគូសបញ្ជាក់របស់លោក Flavio ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ជាមួយការអះអាងថាមានការលួចបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោត ប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។
លោក Flavio និងក្រុមគ្រួសារបានភៀសខ្លួនចេញពីប្រទេសឆ្ពោះទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ខណៈក្រសួងការបរទេសអាមេរិកគ្រោងនឹងផ្ដល់ទិដ្ឋាការដល់រូបលោក និងក្រុមគ្រួសារ។ លោក Flavio ដែលមិនបានទទួលស្គាល់បរាជ័យនៅក្រោមថ្វីដៃប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន លោក Luiz Inacio Lula da Silva បានភៀសខ្លួនចេញពីប្រេស៊ីល បន្ទាប់ពីរូបលោកបដិសេធអនុវត្តតាមតុលាការកំពូលប្រេស៊ីល ដែលបង្គាប់ឱ្យរូបលោកប្រគល់លិខិតឆ្លងដែនទៅឱ្យ ប៉ូលិសប្រេស៊ីល។ ការបង្គាប់របស់តុលាការកំពូលប្រេស៊ីលធ្វើឡើងក្នុងសំណុំរឿងដែលគេចោទប្រកាន់លោក Flavio ពីបទលាងលុយ ដែលលោកផ្ទាល់បានច្រានចោល។
គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាសម្ព័ន្ធមិត្តរបស់លោក Flavio បានទទូចពីភាពមិនប្រក្រតីបានកើតឡើងក្នុងការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល ប៉ុន្តែបានប្រាប់ ក្រុមអ្នកសារព័ត៌មានថារូបលោកនឹងមិនលូកដៃពាក់ព័ន្ធនឹងការប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីប្រេស៊ីលរបស់លោក Flavio នោះទេ៕




