សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល (Video inside)
29-10-2026 09:35
(CEBU, ហ្វីលីពីន)៖ សហរដ្ឋអាមេរិក និងជប៉ុនបានឯកភាពគ្នាលើការសាងសង់រោងចក្រជប៉ុនមួយ ដើម្បីរួមគ្នាផលិតមីស៊ីលរយៈចម្ងាយមធ្យមបំពាក់លើយន្ដហោះចម្បាំង។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិជប៉ុនកាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ធ្វើការប្រកាសបែបនេះអំឡុងធ្វើសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃពុធ ក្នុងទីក្រុង Cebu ជាទីដែលលោកបានជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នាឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានដែលមានការចូលរួមពីសមភាគីអាស៊ីផ្សេងទៀត និងលោកខាងលិចផងដែរ។ កិច្ចប្រជុំចាំឆ្នាំនេះមានគោលដៅបញ្ចៀសជម្លោះក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។ តែទោះជាបែបនេះក្ដី នៅឯកិច្ចប្រជុំនោះ សហរដ្ឋអាមេរិក និងចិន ព្រមទាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានបោះពាក្យរិះគន់ដាក់គ្នាទៅវិញទៅមក។
តាមលោក Koizumi មីស៊ីលដែលនឹងត្រូវបានផលិតនៅក្រោមក្របខណ្ឌនៃកម្មវិធី Operation Supercharge គឺផ្តោតជាពិសេសសម្រាប់បំពាក់លើយន្តហោះចម្បាំង F-35។ លោកប្រមុខការពារជាតិជប៉ុនមិនបានបញ្ជាក់លម្អិតពីកិច្ចព្រមព្រៀងទេ។
F-35 គឺជាយន្ដហោះចម្បាំងដ៏ទំនើបបំផុតមួយនៅលើពិភពលោក ផលិតដោយសហរដ្ឋអាមេរិក ហើយក៏ត្រូវបានប្រើប្រាស់ដោយយោធាជប៉ុនផងដែរ៕

