FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»

28-10-2026 22:33

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំអាហ្វ្រិកនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះថា រុស្ស៊ីជាដៃគូល្អបំផុតរបស់ពួកគេ។ លោកក៏បានចោទលោកខាងលិច ដែលលោកចាត់ទុកថាជាពួកអាណានិគមនិយម ថានៅតែព្យាយាមកេងប្រវ័ញ្ចធនធានរបស់ទ្វីបអាហ្វ្រិក ហើយប្រើបំណុលដើម្បីរារាំងការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកលើកទី៣ ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃនៅទីក្រុងម៉ូស្គូ។ មេដឹកនាំ និងគណៈប្រតិភូរដ្ឋាភិបាលមកពី៤៨ប្រទេស បានមកចូលរួមកិច្ចប្រជុំនេះ ក្នុងនោះមានមេដឹកនាំអាហ្វ្រិកផ្ទាល់ចំនួន២២រូប។ លោក ពូទីន នឹងជួបពិភាក្សាផ្ទាល់ជាមួយមេដឹកនាំជាច្រើនរូប ក្នុងចំណោមមេដឹកនាំទាំងនេះ។ ប្រធានបទពិភាក្សាមានជាច្រើន ចាប់ពីពាណិជ្ជកម្ម សន្តិសុខ កិច្ចព្រមព្រៀងលក់អាវុធ រហូតដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។

គួររំលឹកថា កិច្ចប្រជុំកំពូលនេះ បានធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ២០១៩។ វាជាផ្នែកមួយនៃកិច្ចខិតខំរបស់រុស្ស៊ី ដើម្បីពង្រីកឥទ្ធិពលនយោបាយ សេដ្ឋកិច្ច និងយោធានៅទ្វីបអាហ្វ្រិក។ សព្វថ្ងៃ ក្រុមប្រយុទ្ធពាក់កណ្តាលយោធា Africa Corps របស់រុស្ស៊ី នៅតែសកម្មនៅទ្វីបនេះ។ ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នវប្បធម៌របស់រដ្ឋរុស្ស៊ី ក៏កំពុងព្យាយាមពង្រីកវត្តមាននៅទីនោះដែរ។ ចំណែកក្រុមហ៊ុនរដ្ឋរុស្ស៊ីវិញ កំពុងពង្រីកផលប្រយោជន៍ ចាប់ពីវិស័យរ៉ែ រហូតដល់ការផលិតអគ្គិសនី៕