មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
28-10-2026 20:46
(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានច្រានចោលសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មី ដែលអ្នកសម្របសម្រួលកាតាបានដាក់ជូនទីក្រុងតេហេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៨ខែជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយអះអាងថា ទីក្រុងដូហាគ្រាន់តែលើកឡើងនូវ «គំនិតមិនអាចទទួលយកបាន និងមិនមែនជាសំណើផ្លូវការឡើយ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។
តាមប្រភពមន្ត្រីការទូត ផែនការសន្តិភាពថ្មីដែលកាតាដាក់ជូនកាលពីថ្ងៃអាទិត្យ ដោយសហការជាមួយទីក្រុងវ៉ាស៊ីនតោននោះ បានកំណត់ពេល ៧ថ្ងៃ សម្រាប់ឱ្យភាគីទាំងពីរអនុវត្តជំហានកសាងទំនុកចិត្តប្រចាំថ្ងៃ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់នៅតែរក្សាជំហរមិនធ្វើសម្បទានលើបញ្ហានុយក្លេអ៊ែរ ខណៈអាមេរិកទាមទារឱ្យដាក់កម្មវិធីនុយក្លេអ៊ែរចូលក្នុងកិច្ចចរចាតាំងពីដំបូង រីឯអ៊ីរ៉ង់ទាមទារឱ្យអាមេរិកបញ្ឈប់ការបិទខ្ទប់កំពង់ផែ និងដកទណ្ឌកម្មលើការនាំចេញប្រេងរបស់ខ្លួនជាមុនសិន។
គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងការទូតរបស់កាតា ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគីយ៉េ នាសប្តាហ៍នេះ ធ្វើឡើងចំពេលមានក្តីបារម្ភថា អាមេរិក និងអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់ ខណៈប្រភពសន្តិសុខអ៊ីរ៉ង់ក៏បានព្រមានផ្តាច់ខ្សែកាបអុបទិកក្រោមបាតសមុទ្រនៅតំបន់ឈូងសមុទ្រជាការឆ្លើយតប។ ទន្ទឹមគ្នានេះ សង្គ្រាមដែលផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ បានរាលដាលកាន់តែខ្លាំង ដោយនៅថ្ងៃពុធនេះ តម្លៃប្រេងឆៅពិភពលោកបានហក់ឡើងលើស ១១៥ដុល្លារក្នុងមួយបារ៉ែល ក្រោយក្រុមហ៊ូទីនៅយេម៉ែនវាយប្រហារលើរោងចក្រចម្រាញ់ប្រេងធំបំផុតរបស់អារ៉ាប៊ីសាអូឌីត គឺរោងចក្រ Ras Tanura៕
