FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ

28-10-2026 19:12

(ម៉ាឌ្រីដ)៖ រដ្ឋាភិបាលតំបន់ Castilla-La Mancha បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បានបាត់បង់ជីវិតនៅថ្ងៃពុធនេះ បន្ទាប់ពីរថភ្លើងល្បឿនលឿនពីរគ្រឿងបានបុកគ្នានៅក្បែរទីក្រុង Toledo ដែលធ្វើឱ្យក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif ផ្អាកដំណើរការខ្សែរថភ្លើងតភ្ជាប់ពីរដ្ឋធានីម៉ាឌ្រីដ ទៅកាន់តំបន់ Andalusia ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។

​គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ព្រឹក ម៉ោងក្នុងស្រុក ខណៈរថភ្លើងល្បឿនលឿនទាំងពីរគ្រឿងកំពុងធ្វើដំណើរក្នុងទិសដៅតែមួយចេញពីទីក្រុងម៉ាឌ្រីដ ហើយរថភ្លើងមួយគ្រឿងបានបុកពីក្រោយរថភ្លើងមួយទៀតដែលកំពុងឈប់ បណ្តាលឱ្យទូរថភ្លើងពីរទូធ្លាក់ចេញពីផ្លូវដែក។ បច្ចុប្បន្ន ក្រុមជួយសង្គ្រោះកំពុងមមាញឹកជួយជនរងគ្រោះនៅកន្លែងកើតហេតុ ខណៈមូលហេតុនៃការបុកគ្នានេះ និងតួលេខអ្នករងគ្រោះលម្អិត អាជ្ញាធរកំពុងបន្តស្រាវជ្រាវនៅឡើយ។

​គួរបញ្ជាក់ថា នេះជាគ្រោះថ្នាក់រថភ្លើងល្បឿនលឿនដ៏ធ្ងន់ធ្ងរលើកទី២ ហើយនៅអេស្ប៉ាញក្នុងឆ្នាំនេះ បន្ទាប់ពីរថភ្លើងល្បឿនលឿនរបស់ក្រុមហ៊ុនរថភ្លើងដដែល ធ្លាប់បុកគ្នានៅលើខ្សែផ្លូវដែកតែមួយកាលពីខែមករា ដោយបានផ្តាច់ជីវិតមនុស្ស ៤៦នាក់។ សោកនាដកម្មចុងក្រោយនេះក៏បានកើតឡើងចំពេលវេលាដ៏រសើបផ្នែកនយោបាយសម្រាប់នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sánchez) ដែលបានប្រកាសរៀបចំការបោះឆ្នោតមុនអាណត្តិនៅខែក្រោយផងដែរ៕