FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លៀងធ្លាក់ជួយពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ប៉ុន្តែអាជ្ញាធរព្រមានពីលទ្ធភាពនៃការឆាបឆេះឡើងវិញ

28-10-2026 16:03

(ហ្សាការតា)៖ ទីក្រុង Palangka Raya ខេត្ត Central Kalimantan ប្រឈមុននឹងខ្យល់ពុលអស់រយៈពេលច្រើនខែមកហើយ ខណៈភ្លើងឆេះព្រៃធ្វើឱ្យទីក្រុងនេះ គ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ប៉ុន្តែភ្លៀងធ្លាក់កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ បានជួយសម្រាលភាពខ្លះនៅក្នុងទីក្រុង ក៏ដូចជាតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូណេស៉ី និងបានធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦។

លោក Berton Panjaitan អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៉ី (BNPB) បានឱ្យដឹងថា ជើងហោះហើរ ១៤លើកកាលពីថ្ងៃអង្គារត្រូវបានអនុវត្ត ដើម្បីបង្កើតភ្លៀងសិប្បនិម្មិតពីលើខេត្ត Central Kalimantan និងខេត្ត South Sumatra ដោយបាចអំបិលចំនួន ២២ ៨០០គីឡូក្រាម ដើម្បីជំរុញទឹកភ្លៀង។ ភាគល្អិត sodium chloride ដែលរាយប៉ាយក្នុងបរិយាកាស ដើរតួជាមេដែកទាក់ទាញសំណើម។ ប្រសិនបើលក្ខខណ្ឌបរិយាកាសអំណោយផល វាអាចនាំទឹកភ្លៀងធ្លាក់ចុះមកលើតំបន់ ដែលកំពុងរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃ។

ទោះជាស្ថានភាពប្រសើរឡើងក៏ដោយ តែភ្លើងមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយ ហើយការធ្វើដំណើរតាមផ្លូវអាកាសក្នុងខេត្ត Central Kalimantan បន្តរងការរំខាន។ អាជ្ញាធរបានដាក់ពង្រាយមនុស្ស ៥១ ០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះលើផ្ទៃដីប្រហែល ១ ៥០០ហិកតា ក្នុងខេត្តចំនួន ៤នៅតំបន់ Kalimantan និង South Sumatra នៅសប្តាហ៍នេះ។ យ៉ាងនេះក្តី ចំណុចឆាបឆេះមួយចំនួនគឺនៅតែមាន រួមទាំងចំណុចនៅតំបន់ Ketapang នៃខេត្ត West Kalimantan។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូតសាស្រ្តនៃប្រទេសឥណ្ឌូណេស៉ី (BMKG) ព្យារកណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត រហូតដល់ចុងសប្តាហ៍នេះ ដែលនាំឱ្យមានក្តីសង្ឃឹមថា ស្ថានភាពនឹងបន្តប្រសើរឡើង ហើយរដូវវស្សានឹងចាប់ផ្តើមនាដើមខែវិច្ឆិកា៕