លោក ត្រាំ ថាកិច្ចប្រជុំរវាងលោក ពូទីន និងលោក ហ្សេលេនស្គី នឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗ (Video inside)
28-10-2026 15:19
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ បាននិយាយថា កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការប្រកាសនេះធ្វើឡើង ខណៈរដ្ឋបាលលោក ត្រាំ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតឡើងវិញ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមកទល់ពេលនេះ ស្ថិតក្នុងឆ្នាំទី៥ហើយ។ លោក ត្រាំ បានប្រាប់អ្នកព័ត៌មានដូច្នេះថា «កិច្ចប្រជុំនឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗនេះ ហើយខ្ញុំគិតថា យើងអាចសម្រេចបានវឌ្ឍនភាពច្រើន»។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ហ្សេលេនស្គី បាននិយាយថា កិច្ចប្រជុំមួយក្នុងទម្រង់ត្រីភាគីរវាងទីក្រុងកៀវ វ៉ាស៊ីនតោន និងមូស្គូ នឹងធ្វើឡើងនៅខែវិច្ឆិកា ក្នុងគោលបំណងចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ បន្ទាប់ពីបានជាប់គាំង។ វិមានក្រឹមឡាំង ក៏ធ្លាប់បានឱ្យដឹងដែរថា កិច្ចប្រជុំរវាងប្រទេសទាំង៣ គ្រោងនឹងធ្វើឡើងនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងខែក្រោយ។
លោក ពូទីន ដែលបានបញ្ជាឱ្យបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ធ្លាប់បដិសេធជាបន្តបន្ទាប់ មិនព្រមចរចាដោយផ្ទាល់ជាមួយលោក ហ្សេលេនស្គី នោះទេ ហើយបានទទូចថា ទីក្រុងមូស្គូមានបំណងដណ្តើមកាន់កាប់ទឹកដីដែលនៅសល់ នៃភាគខាងកើតអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ត្រាំ បានត្រឡប់មកកាន់អំណាចជាថ្មី នៅខែមករា ឆ្នាំ២០២៥ ដោយសន្យាថា នឹងបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងរយៈពេលត្រឹម ២៤ម៉ោង។ ប៉ុន្តែកិច្ចចរចាដែលដឹកនាំដោយសហរដ្ឋអាមេរិក អស់រយៈពេលជាងមួយឆ្នាំមកនេះ មិនទាន់អាចសម្រេចបាន នូវលទ្ធផលធំណាមួយនៅឡើយទេ ខណៈមនុស្សរាប់ម៉ឺននាក់ បានស្លាប់ក្នុងសង្គ្រាមនេះ៕
