ឥណ្ឌូណេស៊ី បង្កើនការដាក់ពង្រាយកម្លាំងសន្តិសុខ ត្រៀមទប់ទល់ការតវ៉ារបស់ក្រុមនិស្សិត (Video inside)
28-10-2026 15:00
(ហ្សាការតា)៖ កងកម្លាំងសន្តិសុខឥណ្ឌូណេស៊ីរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមទប់ទល់នឹង ការតវ៉ារបស់និស្សិត ប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់ប្រធានាធិបតី លោក Prabowo Subianto បូករួមជាមួយការដោះស្រាយរបស់រដ្ឋាភិបាល ចំពោះបញ្ហាភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
និស្សិតមកពីសាកលវិទ្យាល័យឥណ្ឌូណេស៊ី University of Indonesia បាននិយាយថា ពួកគេគ្រោងធ្វើបាតុកម្ម នៅទីតាំងមួយចំនួនក្នុងរដ្ឋធានីហ្សាការតា។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលប្រកាស ភ្លើងឆេះព្រៃដែលកំពុងបន្តនៅកោះស៊ូម៉ាត្រា និងកោះប័រណេអូ ជាគ្រោះមហន្តរាយថ្នាក់ជាតិ និងបញ្ឈប់ការចំណាយលើកម្មវិធីនានា ដែលមានគោលបំណងទាក់ទាញសំឡេងគាំទ្រពីប្រជាជន ដូចជាកម្មវិធីផ្តល់អាហារឥតគិតថ្លៃរបស់លោក Prabowo ក្នុងចំណោមការទាមទារផ្សេងៗទៀត។ វាមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនិស្សិតប៉ុន្មាននាក់ នឹងចេញមកតាមដងផ្លូវ ដើម្បីតវ៉ា។
នៅព្រឹកថ្ងៃពុធនេះ គេមើលឃើញមានវត្តមានប៉ូលិស និងយោធាយ៉ាងច្រើន រួមជាមួយរថពាសដែក នៅតាមតំបន់មមាញឹកនានា ក្នុងកណ្តាលទីក្រុងហ្សាការតា។ ការតវ៉ាក៏បានកើតមាននៅតំបន់ដែលរងផលប៉ះពាល់ដោយផ្សែងអ័ព្ទខ្លាំង លើកោះប័រណេអូ និងកោះស៊ូម៉ាត្រាផងដែរ រួមទាំងការតវ៉ាមួយនៅខេត្តកាលីម៉ាន់តាន់កណ្តាល កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Saiful Mujani Research and Consulting (SMRC) អត្រាគាំទ្ររបស់លោក Prabowo បានធ្លាក់ចុះជាលំដាប់ ចាប់តាំងពីចុងឆ្នាំ២០២៥មក ខណៈលោកកាន់តំណែងជាប្រធានាធិបតី បានរយៈពេល២ឆ្នាំហើយ។ ការតវ៉ាទ្រង់ទ្រាយធំចុងក្រោយបង្អស់នៅឥណ្ឌូណេស៊ី បានកើតឡើង កាលពីខែសីហា ដែលអំឡុងពេលនោះ មនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន។ ដោយឡែក ក្រុមនិស្សិតក៏បានធ្វើបាតុកម្ម កាលពីសប្តាហ៍កន្លងទៅនេះ ផងដែរ។ រីឯកាលពីឆ្នាំមុន ការតវ៉ាទូទាំងប្រទេស ដែលអូសបន្លាយអស់ជាច្រើនសប្តាហ៍ បានផ្ទុះឡើងនៅប្រទេសអាស៊ានមួយនេះ បន្ទាប់ពីប៉ូលិសបានសម្លាប់អ្នកបើកម៉ូតូឌុបម្នាក់ ហើយប៉ុន្មាននាក់ទៀត ក៏បានបាត់បង់ជីវិតដែរ អំឡុងភាពចលាចល នាពេលនោះ៕


