FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាអាមេរិកសម្លាប់មនុស្ស៥នាក់ ក្នុងការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន នៅមហាសមុទ្រប៉ាស៉ីហ្វិក (Video inside)

28-10-2026 14:38

(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារលើទូក១គ្រឿង នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ វាជាករណីថ្មីចុងក្រោយបង្អស់ ក្នុងចំណោមការវាយប្រហារជាបន្តបន្ទាប់ ដែលទីក្រុងវ៉ាស៊ីនតោនអះអាងថា មានគោលដៅលើ «ក្រុមភេរវករជួញដូរគ្រឿងញៀន» ប៉ុន្តែអ្នកជំនាញសិទ្ធិមនុស្សថ្កោលទោសថា ជាការសម្លាប់មនុស្សតាមអំពើចិត្តក្រៅប្រព័ន្ធតុលាការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

បញ្ជាការដ្ឋានយោធាភាគខាងត្បូងរបស់អាមេរិក SOUTHCOM បានសរសេរនៅលើបណ្ដាញសង្គម X ថា កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារលើទូកល្បឿនលឿន១គ្រឿង ដែលធ្វើដំណើរតាមផ្លូវជួញដូរគ្រឿងញៀន ដែលគេស្គាល់ជាទូទៅ នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។

ដោយយោងទៅលើអ្វីដែលខ្លួនហៅថា ព័ត៌មានស៊ើបការណ៍ដែលត្រូវបានផ្ទៀងផ្ទាត់ SOUTHCOM បានចោទប្រកាន់ថា ទូកនោះ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជួញដូរគ្រឿងញៀន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ យោធាអាមេរិក បានឱ្យដឹងថា មនុស្ស ៥ នាក់ត្រូវបានសម្លាប់ ដោយពណ៌នាពួកគេថាជា «ក្រុមភេរវករជួញដូរគ្រឿងញៀន»។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ទូកទាំងឡាយ ដែលខ្លួនបានវាយប្រហារ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ មក គឺសុទ្ធតែបានដឹកជញ្ជូនគ្រឿងញៀន។ ការវាយប្រហាររបស់យោធាអាមេរិកលើទូកទាំងនេះ នៅតំបន់សមុទ្រ Caribbean និងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត បានសម្លាប់មនុស្សសរុបជាង ២៣០នាក់។

គួរបញ្ជាក់ថា តាមការយល់ឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អង្គការលើកលែងទោសអន្តរជាតិ Amnesty International ព្រមទាំងក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិ ពួកគេបានចាត់ទុកការវាយប្រហារទាំងនេះថា ជាការសម្លាប់មនុស្សខុសច្បាប់ ក្រៅប្រព័ន្ធយុត្តិធម៌។ ចំណែកសហភាពសេរីភាពស៊ីវិលអាមេរិក American Civil Liberties Union បានរិះគន់ការអះអាងរបស់រដ្ឋបាលលោក ត្រាំ ថាគ្មានភស្តុតាងគាំទ្ររឹងមាំ និងមានគោលបំណងបង្កការភ័យខ្លាច៕