សហគមន៍អន្តរជាតិ ព្រមានពីការកើនឡើងនូវគ្រោះទុរភិក្សក្នុងប្រទេសស៊ូដង់ និងអំពាវនាវរកដំណើរការផ្តល់ជំនួយ (Video inside)
27-10-2026 11:51
(វ៉ាស៉ីនតោន)៖ ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងមហាអំណាចអឺរ៉ុប បានលើកឡើងថា សន្តិសុខស្បៀងនៅស៊ូដង់កំពុងធ្លាក់ចុះដល់កម្រិតគួរឱ្យព្រួយបារម្ភ ដែលស្នើឱ្យភាគីជម្លោះនៅក្នុងប្រទេសនេះ លុបបំបាត់រាល់ឧបសគ្គដែលរារាំងដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។
កងទ័ពស៊ូដង់ បានប្រយុទ្ធជាមួយកងកម្លាំងទាហានប៉ារ៉ា (RSF) ចាប់តាំងពីខែមេសា ឆ្នាំ២០២៣មកម្ល៉េះ បន្ទាប់ពីភាគីទាំងពីរខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន រួមទាំងវិធីសាស្ត្រធ្វើសមាហរណកម្មកងកម្លាំងបញ្ចូលគ្នា អំឡុងពេលនៃដំណើរការផ្ទេរទៅរកការគ្រប់គ្រងតាមបែបរដ្ឋាភិបាលស៉ីវិល។ នៅក្នុងខែមិថុនា ស្ថាប័នតាមដានគ្រោះអត់ឃ្លានជាសកលគាំទ្រដោយអង្គការសហប្រជាជាតិ បានឱ្យដឹងថា ប្រជាជនចំនួន ៥,១លាននាក់នៅស៊ូដង់ ប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ។ កសិករជួបការលំបាកក្នុងការប្រមូលផលដំណាំ ចាប់តាំងពីសង្គ្រាមស៉ីវិលផ្ទុះឡើង ហើយថ្មីៗនេះពួកគេក៏កំពុងតស៊ូទប់ទល់នឹងគ្រោះរាំងស្ងួតផងដែរ។
សេចក្តីថ្លែងការណ៍រួមតាមរយៈក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា «ហានិភ័យនៃគ្រោះទុរ្ភិក្សក្នុងប្រទេសស៊ូដង់ នាប៉ុន្មានខែទៅមុខទៀត គឺត្រូវការវិធានការជាបន្ទាន់»។ សេចក្តីថ្លែងការណ៍រួម ក៏បានអំពាវនាវដល់ភាគីជម្លោះ អនុញ្ញាតឱ្យមានប្រតិបត្តិការមនុស្សធម៌តាមគ្រប់ច្រកផ្លូវទាំងអស់ ទាំងផ្លូវឆ្លងកាត់ខ្សែត្រៀមប្រយុទ្ធ និងផ្លូវឆ្លងកាត់ព្រំដែន រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសចូលទៅកាន់តំបន់ Darfur។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកសមភាព ការត្រៀមលក្ខណៈ និងការគ្រប់គ្រងវិបត្តិ ព្រមទាំងភាគីផ្សេងទៀត៕



