រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌ (Video inside)
27-10-2026 11:20
(កៀវ)៖ រុស្ស៉ី និងអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថាបទឈប់បាញ់មួយត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការមនុស្សធម៌ដំណើរការទៅបានក្នុងទីក្រុង Oleshky របស់អ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៉ីប្រកាសថា ខ្លួនបានបញ្ឈប់ការបាញ់ផ្លោងឆ្ពោះទៅកាន់ទីក្រុង Kherson របស់អ៊ុយក្រែន តាំងពីពេលព្រឹក (ម៉ោងក្នុងតំបន់) ដើម្បីត្រៀមរៀបចំប្រតិបត្តិការមនុស្សធម៌នៅតំបន់ជុំវិញក្រុង Oleshky ដែលស្ថិតនៅត្រើយម្ខាងនៃទន្លេ Dnipro ទល់មុខទីក្រុង Kherson។ លោក Dmytro Lubinets ស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃរដ្ឋសភាអ៊ុយក្រែន ក៏ទទួលស្គាល់ដែរថា បទឈប់បាញ់បានចាប់ផ្តើមនៅពេលដំណាលគ្នានោះ ដោយគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានក្រុមចរចាអ៊ុយក្រែន ខ្ញុំសូមបញ្ជាក់ថាភាគីអ៊ុយក្រែនគោរពការសន្យារបស់ខ្លួន»។
គួរបញ្ជាក់ថា នេះគឺជាបទឈប់បាញ់សម្រាប់តែតំបន់មួយជុំវិញក្រុង Oleshky ដែលរុស្ស៉ីដណ្តើមគ្រប់គ្រងនៅដើមទីនៃសង្រ្គាម ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។ កិច្ចព្រមព្រៀងឈប់បាញ់នឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការជម្លៀសប្រជាជនចេញពីក្រុងនៅសមរភូមិជួរមុខមួយនេះ ដែលកំពុងជួបប្រទះការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ៕
