FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសស្វ៉ីស ត្រូវចូលរួមកិច្ចពិភាក្សានៅកូរ៉េខាងជើង ក្នុងសប្ដាហ៍នេះ (Video inside)

27-10-2026 10:42

(ZURICH)៖ រដ្ឋមន្ត្រីការបរទេសស្វ៉ីស លោក Ignazio Cassis នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្ដាហ៍នេះដើម្បីចូលរួមកិច្ចពិភាក្សានយោបាយ និងការបើកឡើងវិញជាផ្លូវការការិយាល័យការទូតរបស់ស្វ៉ីសក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលស្វ៉ីស នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Cassis ដែលនឹងចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានគម្រោងជួបក្រុមមន្ត្រីកូរ៉េខាងជើងអំឡុងពិធីបើកការិយាល័យការទូតឡើងវិញជាផ្លូវការក្នុងទីក្រុងព្យុងយ៉ាង នៅថ្ងៃទី៣០ ខែតុលា។ តាមរដ្ឋាភិបាលស្វ៉ីស កិច្ចពិភាក្សានឹងរួមមានបញ្ចូលទាំងការផ្ដើមឡើងវិញនូវការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំង២ សន្តិសុខនៅលើឧបទ្វីបកូរ៉េ ព្រមទាំងបញ្ហាភូមិសាស្ត្រនយោបាយ។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងជើង ប្រមុខការទូតស្វ៉ីសនឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងសេអ៊ូលដើម្បីចូលរួមកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ការិយាល័យការទូតរបស់ស្វ៉ីសក្នុងទីក្រុងព្យុងយ៉ាងមានភារកិច្ចរាយការណ៍ទៅកាន់ស្ថានទូតស្វ៉ីសប្រចាំទីក្រុងប៉េកាំង ដែលទទួលខុសត្រូវលើទំនាក់ទំនងការទូត និងទំនាក់ទំនងកុងស៊ុលជាមួយកូរ៉េខាងជើង។ ការិយាល័យការទូតស្វ៉ីសបានបើកធ្វើប្រតិបត្តិការចាប់តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលនេះជាការស្ដារឡើងវិញតំណាងការទូតអចិន្ត្រៃយ៍របស់ស្វ៉ីសនៅកូរ៉េខាងជើង។ ខណៈស្វ៉ីសបានរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហភាពអឺរ៉ុបបានព្យួរចោលកិច្ចសន្ទនាដោយផ្ទាល់ជាមួយកូរ៉េខាងជើង៕