សាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន បញ្ជូនមន្ត្រីកំពូលជួបថ្នាក់ដឹកនាំអ៊ីរ៉ង់ ចំពេលភាពតានតឹងក្នុងតំបន់កាន់តែខ្លាំង
26-10-2026 20:06
(តេហេរ៉ង់)៖ មន្ត្រីជាន់ខ្ពស់មកពីអារ៉ាប៊ីសាអូឌីត តួកគីយ៉េ និងប៉ាគីស្ថាន ដែលជាសមាជិកក្រុម Mecca Pact គ្រោងជួបថ្នាក់ដឹកនាំអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់ នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦នេះ។ នេះជាជំនួបកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីសាអូឌីតក្លាយជាចំណុចសម្ពាធក្នុងសង្គ្រាមជុំវិញអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សាអូឌីតនឹងបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ព្រះអង្គម្ចាស់ Khalid bin Salman ទៅតេហេរ៉ង់។ ប៉ាគីស្ថានបញ្ជូនមេបញ្ជាការកងទ័ព លោកសេនាប្រមុខ Asim Munir ចំណែកតួកគីយ៉េបញ្ជូនប្រធានសេវាស៊ើបការណ៍ លោក Ibrahim Kalin។ ប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពាររួម Mecca កាលពីខែសីហា។ តាមកិច្ចព្រមព្រៀងនេះ ការវាយប្រហារដោយអាវុធលើសមាជិកណាមួយ ត្រូវចាត់ទុកថាជាការវាយប្រហារលើសមាជិកទាំងអស់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងថា កិច្ចពិភាក្សាលើកនេះនឹងលើកយកបញ្ហា «គោលនយោបាយពង្រីកទឹកដីរបស់អ៊ីស្រាអែល ស្ថានការណ៍នៅដែនដីប៉ាឡេស្ទីន និងលីបង់ ព្រមទាំងផលវិបាកនៃសកម្មភាពយោធារបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់» មកពិភាក្សា។ ជំនួបនេះត្រូវបានស្នើឡើង អំឡុងពេលលោក Munir ទៅបំពេញទស្សនកិច្ចនៅតេហេរ៉ង់កាលពីសប្តាហ៍មុន។ លោក Baghaei ថា ជំនួបនេះអាចជាជំហានដំបូង ឆ្ពោះទៅបង្កើតយន្តការសន្តិសុខតំបន់ ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេសក្នុងតំបន់។
ចំណែកភាគីសាអូឌីតវិញ ឧបរដ្ឋមន្ត្រីទទួលបន្ទុកការទូតសាធារណៈ លោក Rayed Krimly បានឱ្យដឹងថា ជំនួបនេះជាផ្នែកមួយនៃកិច្ចខិតខំរបស់ប្រទេស Mecca Pact ដើម្បីបន្ធូរបន្ថយវិបត្តិ។ គោលបំណងគឺលើកកម្ពស់ដំណោះស្រាយតាមផ្លូវការទូត និងគាំទ្រកិច្ចសម្របសម្រួលដែលកាតា និងប៉ាគីស្ថានជាអ្នកដឹកនាំ។
គួររំលឹកថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ដែលនៅខាងអ៊ីរ៉ង់ បានកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្នុងពេលជាមួយគ្នា វាចាសម្តីរវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ក៏កាន់តែក្តៅគគុក។ ភាគីទាំងពីរបានរៀបចំផែនការចាប់ផ្តើមសង្គ្រាមឡើងវិញ ប្រហែលជាក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិកនៅថ្ងៃទី៣ ខែវិច្ឆិកា។ កាលពីខែមិថុនា កិច្ចសម្របសម្រួលរបស់ប៉ាគីស្ថាន និងកាតា ធ្លាប់បានជួយឱ្យមានកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នមួយ។ តែកិច្ចព្រមព្រៀងនោះបានរលំយ៉ាងឆាប់រហ័ស នៅពេលការប្រយុទ្ធរវាងអ៊ីរ៉ង់ និងអាមេរិកផ្ទុះឡើងវិញប៉ុន្មានសប្តាហ៍ក្រោយមក៕
