មហាសេដ្ឋីជំនួញទង់ដែងចិន លោក He Jinbi រងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទពុករលួយ និងឆបោក
26-10-2026 19:22
(ប៉េកាំង)៖ មហាសេដ្ឋីជំនួញទង់ដែងចិន លោក ហឺ ជីនពី (He Jinbi) វ័យ ៦១ឆ្នាំ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោយរកឃើញថាក្រុមហ៊ុន Maike Metals របស់លោកមានទោសពីបទពុករលួយ ឆបោកកិច្ចសន្យា និងសូកប៉ាន់ ដែលធ្វើឱ្យធនាគារចិនជាច្រើនប្រឈមនឹងការខាតបង់ទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦។
សាលក្រមរបស់តុលាការនៅទីក្រុងស៊ីអាន (Xi'an) ភាគខាងលិចប្រទេសចិន បានសម្រេចផ្តន្ទាទោសលោក He Jinbi កាលពីខែមុន ប៉ុន្តែលោកបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ។ ក្រុមមេធាវីការពារក្តីរបស់លោកបានតវ៉ាថា ទាំងក្រុមហ៊ុន និងស្ថាបនិកមិនមានចេតនាឆបោកឡើយ ព្រោះក្រុមហ៊ុនបានសងប្រាក់កម្ចីធនាគារយ៉ាងទៀងទាត់អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ រហូតដល់ពេលជួបវិបត្តិរអាក់រអួលសាច់ប្រាក់ក្នុងអំឡុងវិធានការរឹតត្បិតកូវីដ-១៩ ហើយការខាតបង់មួយផ្នែកកើតចេញពីកម្សោយនៃប្រព័ន្ធគ្រប់គ្រងហានិភ័យផ្ទៃក្នុងរបស់ធនាគារខ្លួនឯងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Maike Metals ដែលលោក He Jinbi បង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ធ្លាប់គ្រប់គ្រងការនាំចូលទង់ដែងរហូតដល់ប្រមាណ ២៥ភាគរយនៃបរិមាណនាំចូលទង់ដែងសរុបរបស់ប្រទេសចិន និងធ្វើឱ្យលោកមានទ្រព្យសម្បត្តិប្រមាណ ៥ពាន់លានយន់ (ជិត ៧០០លានដុល្លារ) កាលពីឆ្នាំ២០២២ មុនពេលជួបវិបត្តិបំណុលធ្ងន់ធ្ងរ ហើយលោកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងឈានដល់ការដាក់ពាក្យសុំក្ស័យធនកាលពីចុងឆ្នាំ២០២៣៕
