FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពតានតឹងនៅឧបទ្វីបកូរ៉េហក់ឡើងខ្លាំង ក្រោយកូរ៉េខាងជើងប្តឹងទៅ UN និងដាក់ពង្រាយកាំភ្លើងធំក្បែរព្រំដែន

26-10-2026 18:56

(ហ្គីមប៉ូ)៖ ភាពតានតឹងរវាងកូរ៉េទាំងពីរបានហក់ឡើងកាន់តែខ្លាំងនៅដើមសប្តាហ៍នេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយចោទទីក្រុងសេអ៊ូលថាបានប្រឌិតហេតុការណ៍ផ្ទុះមីនកាលពីខែកញ្ញា ស្របពេលគេប្រទះឃើញកូរ៉េខាងជើងដាក់ពង្រាយកាំភ្លើងធំនៅក្បែរព្រំដែន។

នៅថ្ងៃចន្ទនេះ សាក្សីរបស់ Reuters បានឃើញរថពាសដែកបំពាក់កាំភ្លើងធំស្វ័យប្រវត្តិ (Howitzer) ទំហំ ១២២មីលីម៉ែត្រ ចំនួន ៣គ្រឿងរបស់កូរ៉េខាងជើង បង្ហាញខ្លួនដោយចំហក្បែរខ្សែបន្ទាត់ព្រំដែន និងបែរកាណុងតម្រង់មកទិសខាងត្បូង ខណៈទាហានកូរ៉េខាងជើងប្រមាណ ២០ ទៅ ៣០នាក់កំពុងសាងសង់របងក្នុងតំបន់គ្មានយោធា (DMZ)។ លោក លីម អ៊ុលឈុល (Lim Eul-chul) សាស្ត្រាចារ្យនៅទីក្រុងសេអ៊ូល បានកត់សម្គាល់ថា ការដាក់តាំងកាំភ្លើងធំដោយចេតនាដ៏កម្រនេះ គឺជាការបញ្ជូនសារតាមរយៈសកម្មភាព ថាកូរ៉េខាងជើងមានបំណងអនុវត្តគោលនយោបាយព្រំដែនដោយប្រើកម្លាំង ជាជាងការចរចា និងដើម្បីព្រមានកូរ៉េខាងត្បូងឱ្យប្រុងប្រយ័ត្នបញ្ចៀសការប៉ះទង្គិចគ្នាដោយចៃដន្យ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ តំណាងកូរ៉េខាងជើងប្រចាំ UN ក៏បានផ្ញើលិខិតចោទទីក្រុងសេអ៊ូលថាបានយកហេតុការណ៍ផ្ទុះមីនមកលាបពណ៌ថា ការសាងសង់របងព្រំដែនរបស់ខ្លួនគឺជាការទន្ទ្រានផ្នែកយោធា ព្រមទាំងព្រមានធ្ងន់ៗថា រាល់ការរំលោភបំពានលើអធិបតេយ្យភាពកូរ៉េខាងជើង អាចនឹងជំរុញឱ្យមានការចាត់វិធានការការពារខ្លួន ហើយកូរ៉េខាងត្បូងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដែលកើតឡើង៕