FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងវប្បធម៌ បើកសិក្ខាសាលាពិគ្រោះយោបល់ផ្ទៀងផ្ទាត់ ស្ដីពី ការស្រាវជ្រាវអំពីបរិយាបន្នសង្គម ក្នុងសេដ្ឋកិច្ចច្នៃប្រឌិតនៅកម្ពុជា

26-10-2026 18:24

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការដៃគូ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ផ្ទៀងផ្ទាត់ ស្ដីពី ការស្រាវជ្រាវអំពីបរិយាបន្នសង្គម ក្នុងសេដ្ឋកិច្ចច្នៃប្រឌិតនៅកម្ពុជា ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សិក្ខាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក Mathieu Cognac តំណាងអង្គការ UN DESA, លោក Flavio Bonneti ប្រធានការិយាល័យអង្គការ UNESCO ប្រចាំរាជធានីភ្នំពេញ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ, សហការីមកពីអង្គការសង្គមស៊ីវិល, អ្នកប្រកបអាជីពក្នុងវិស័យច្នៃប្រឌិត, ភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។

លោកស្រី ប៉ែន មុនីមករា បានថ្លែងថា ជួបជុំគ្នាដើម្បីពិនិត្យមើលការស្រាវជ្រាវមូលដ្ឋានគ្រឹះដ៏សំខាន់ដែលបានធ្វើឡើងក្រោមគម្រោងទី១៨ នៃគណនីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (DA18) ដែលគាំទ្រដោយនាយកដ្ឋានអភិវឌ្ឍន៍សង្គមប្រកបដោយបរិយាប័ន្នរបស់ UN DESA ដោយសហការយ៉ាងជិតស្និទ្ធជាមួយ CICADA និង Edgeandstory។

លោកស្រីបានថ្លែងទៀតថា «ទេសភាពច្នៃប្រឌិតរបស់កម្ពុជា កំពុងជួបប្រទះនូវសន្ទុះដ៏ស្វាហាប់ ចាប់ពីសិល្បៈសម្តែងដ៏ពិសិដ្ឋ និងសិប្បកម្មប្រពៃណី រហូតដល់គំនូរជីវចលទំនើប ភាពយន្ត និងតន្ត្រីឌីជីថល ទ្រព្យសម្បត្តិវប្បធម៌របស់យើងបានកំណត់អត្តសញ្ញាណរបស់យើង។ ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផ្នែកទី១ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតត្រូវបានផ្តល់អាទិភាពជាផ្លូវការ ជាកម្លាំងចលករយុទ្ធសាស្ត្រសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ក្នុងការអនុវត្តអាណត្តិដ៏សំខាន់នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំយ៉ាងសកម្មនូវគោលនយោបាយជាតិដ៏ទូលំទូលាយដំបូងបង្អស់របស់កម្ពុជា ស្តីពី ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត រួមជាមួយក្រសួងសំខាន់ៗពាក់ព័ន្ធ ដោយមានការគាំទ្រពី UNESCO» ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិស័យនេះរីកចម្រើន យើងត្រូវតែសួរសំណួរកំណត់នៃសិក្ខាសាលារបស់យើងថា៖ តើអ្នកណាទទួលបានអត្ថប្រយោជន៍ពីកំណើននេះ? លោកស្រីបានថ្លែងបន្ថែមថា ភស្តុតាងដែលបានបង្ហាញនៅក្នុងការសិក្សារបស់ UN DESA បានឱ្យដឹងថា៖

* ស្ទើរតែ ៨០% នៃកម្លាំងពលកម្មច្នៃប្រឌិតរបស់យើងធ្វើការក្រៅប្រព័ន្ធ ដោយប្រឈមមុខនឹងជីវភាពរស់នៅមិនទៀងទាត់ ប្រាក់ចំណូលប្រែប្រួល និងអវត្តមាននៃការគាំពារសង្គម។

* ស្ត្រីក្នុងវិស័យច្នៃប្រឌិតប្រឈមមុខនឹងគម្លាតប្រាក់ចំណូល ១៥% និងទទួលបន្ទុកការងារថែទាំដែលមិនបានបង់ប្រាក់ច្រើនហួសហេតុ ដែលធ្វើឱ្យអាជីពដ៏ជោគជ័យត្រូវបញ្ចប់មុនអាយុ។

* គ្រូសិល្បៈវប្បធម៌ចាស់ៗ សិប្បករជនបទ និងសិល្បករពិការ ប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធដ៏ធំធេងក្នុងការទទួលបានឥណទាន ទីផ្សារ និងឧបករណ៍ឌីជីថល។

លោកស្រីបានបន្ដទៀតថា ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវរបស់យើងក៏បានបង្ហាញពីភាពខ្លាំងពិសេសមួយផងដែរ ។ក្នុងនោះ ៨៣% នៃអង្គការច្នៃប្រឌិតរបស់កម្ពុជា ដំណើរការដោយមានបេសកកម្មសង្គម ឬបរិស្ថានច្បាស់លាស់។ សហគមន៍ច្នៃប្រឌិតរបស់យើងមិនត្រឹមតែបង្កើតពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងភាពស្អិតរមួតក្នុងសង្គម និងរក្សាភាពធន់របស់សហគមន៍ទៀតផង។ ដើម្បីធានាថាគោលនយោបាយជាតិរបស់យើងឆ្លុះបញ្ចាំងពីការពិតទាំងនេះ យើងត្រូវសម្របសម្រួលចក្ខុវិស័យរបស់យើងជាមួយការឯកភាពជាសកល។ យើងត្រូវតែមើលឃើញវប្បធម៌ មិនមែនជាផលិតផលពាណិជ្ជកម្មដាច់ដោយឡែកនោះទេ ប៉ុន្តែជាប្រព័ន្ធអេកូឡូស៊ីវប្បធម៌ និងច្នៃប្រឌិត ដែលមានទំនាក់ទំនងគ្នា។ នៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ សិល្បករ សហគមន៍មូលដ្ឋាន និងទស្សនិកជនពឹងផ្អែកគ្នាទៅវិញទៅមក។

មន្ដ្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា «យើងត្រូវផ្លាស់ប្តូរផ្នត់គំនិតរបស់យើង ដោយត្រូវចាត់ទុកស្ត្រី យុវជន ជនមានពិការភាព អ្នកថែរក្សាវប្បធម៌ចាស់ៗ និងសហគមន៍ជនជាតិដើមភាគតិច គឺជាអ្នកថែរក្សាបឋមនៃបេតិកភណ្ឌរស់រវើករបស់យើង ជាអ្នកច្នៃប្រឌិត និងជាភ្នាក់ងារសេដ្ឋកិច្ចដ៏សំខាន់»។ ការពង្រឹងសហគមន៍ មានន័យថា ធានាបាននូវកម្រៃសមរម្យ ការការពារកម្មសិទ្ធិបញ្ញារួម ការផ្តល់ការបណ្ដុះបណ្ដាលដោយគ្មានវត្ថុបញ្ចាំ និងការធានាបាននូវហេដ្ឋារចនាសម្ព័ន្ធច្នៃប្រឌិតដែលអាចចូលប្រើបាន ដើម្បីឱ្យវប្បធម៌រស់រវើកនាំមកនូវសេចក្តីថ្លៃថ្នូរ ប្រកបដោយចីរភាពដោយផ្ទាល់ ដល់សហគមន៍មូលដ្ឋាន។

នាឱកាសនោះលោកស្រីបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យចូលរួមក្នុងការពិភាក្សាប្រកបដោយភាពបើកចំហ ជាក់ស្តែង និងស្ថាបនា។ជាមួយគ្នានេះលោកស្រីបានរំពឹងទុកថា សិក្ខាសាលាចំនួន២ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៦នេះ នឹងទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អបំផុតផងដែរ៕