កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ (Video inside)
26-10-2026 17:15
(Mae Sot)៖ កងកម្លាំង Naresuan Force របស់ថៃបានដាក់ចេញនូវវិធានការចំនួន៤ ដើម្បីដោះស្រាយបញ្ហាគ្រាប់កាំភ្លើង និងគ្រាប់កាំភ្លើងធំដែលឆ្លងចូលមកក្នុងទឹកថៃ ក្នុងអំឡុងការវាយប្រយុទ្ធគ្នា តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ជាមួយការប្តេជ្ញាការពារអធិបតេយ្យរបស់ថៃ និងសហគមន៍តាមព្រំដែន។
សារព័ត៌មានថៃ Khaosod បានរាយការណ៍ថា កងកម្លាំង Rajamanu Task Force នៅក្រោមបញ្ជាកងកម្លាំង Naresuan Force បានឱ្យដឹងនៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ថា វិធានការទាំងនោះរួមមានវិធានការយោធា និងការពារព្រំដែន កិច្ចសម្របសម្រួលការទូត ការការពារ និងសំណងសម្រាប់ជនស៊ីវិល ព្រមទាំងជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលភៀសខ្លួនពីការប្រយុទ្ធគ្នា។ ក្រោមវិធានការយោធា កងកម្លាំងថៃ នឹងអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងជម្លោះ ពោលប្រសិនបើមានគ្រាប់កាំភ្លើងត្រូវបានបាញ់ចេញពីមីយ៉ាន់ម៉ា ធ្លាក់ចូលទឹកដីថៃ នោះពួកគេនឹងបាញ់គ្រាប់ផ្សែងព្រមានទៅកាន់ទីតាំងបាញ់ប្រហារដែលសង្ស័យ ឬទិសដៅដែលគ្រាប់កាំភ្លើងនោះត្រូវបានបាញ់ចេញ។
មួយវិញទៀត ប្រសិនបើអាជ្ញាធរថៃ រកឃើញភស្តុតាងនៃការបាញ់ប្រហារដោយចេតនាចូលក្នុងទឹកដីថៃ ឬការខូចខាតដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ថៃ កងទ័ពអាចនឹងចាត់វិធានការតបតសមាមាត្រ ដើម្បីដាក់សម្ពាធលើភាគីបាញ់ប្រហារឱ្យបញ្ឈប់។
កងកម្លាំង Naresuan Force ក៏នឹងពង្រឹងការដាក់ពង្រាយទ័ព បង្កើនប៉ុស្តិ៍ត្រួតពិនិត្យ និងធ្វើល្បាតតាមផ្លូវគោក និងផ្លូវទឹកតាមដងទន្លេ Moei ផងដែរ។ ចំណែកដ្រូន និងយន្តហោះចម្បាំង នឹងត្រូវបានប្រើប្រាស់ដើម្បីតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ។ លើផ្នែកការទូត អាជ្ញាធរថៃ នឹងប្រើប្រាស់យន្តការគណៈកម្មាធិការព្រំដែនស្រុក និងគណៈកម្មាធិការព្រំដែនតំបន់ ដើម្បីទាក់ទងកងទ័ពមីយ៉ាន់ម៉ាភ្លាមៗបន្ទាប់ពីមានឧប្បត្តិហេតុ ព្រមានប្រឆាំងនឹងការបាញ់ប្រហារឆ្ពោះទៅប្រទេសថៃ និងទាមទារឱ្យការវាយប្រហារបែបនេះបញ្ឈប់។
ក្រសួងការបរទេស និងយោធាថៃ ក៏នឹងប្រើប្រាស់បណ្តាញការទូត ដើម្បីដាក់លិខិតតវ៉ាជាផ្លូវការ និងអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ទទួលខុសត្រូវចំពោះការខូចខាតណាមួយ។ អាជ្ញាធរថៃ នឹងបន្តវាយតម្លៃជម្លោះរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងអាជ្ញាធរមីយ៉ាន់ម៉ា ដើម្បីត្រៀមលក្ខណៈសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន។
សម្រាប់ការការពារជនស៊ីវិល អាជ្ញាធរនឹងរៀបចំ និងហ្វឹកហាត់ផែនការជម្លៀស ដើម្បីផ្លាស់ប្តូរប្រជាជនទៅកាន់ជម្រកបណ្តោះអាសន្ននៅក្នុងតំបន់សុវត្ថិភាព ប្រសិនបើការប្រយុទ្ធគ្នាកាន់តែខ្លាំង។ ពួកគេក៏នឹងសាងសង់ ឬកែលម្អលេណដ្ឋាននៅក្នុងសហគមន៍ សាលារៀន និងផ្ទះសម្បែងក្បែរតំបន់មានហានិភ័យខ្ពស់តាមដងទន្លេ។ កងកម្លាំងថៃបានថ្លែងថា យន្តការនឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់ សំណងជាបន្ទាន់ដល់ប្រជាជនថៃដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារឆ្លងដែន រួមទាំងការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំកសិកម្ម។
វិធានការទី៤ ទាក់ទងនឹងប្រជាជនដែលភៀសខ្លួនពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា។ អាជ្ញាធរថៃនឹងផ្តល់តំបន់សុវត្ថិភាពដែលបានកំណត់សម្រាប់អ្នកដែលឆ្លងចូលមកក្នុងប្រទេសថៃ ដោយហេតុផល មនុស្សធម៌ ខណៈពេលដែលរឹតបន្តឹងការធ្វើដំណើរទៅកាន់ទីតាំងជាក់លាក់ និងត្រួតពិនិត្យរកមើលវត្ថុខុសច្បាប់ និងអាវុធ។ តាមកងកម្លាំងថៃ នៅពេលដែលការប្រយុទ្ធគ្នាបានបញ្ចប់ ហើយស្ថានការណ៍ មានស្ថិរភាព អាជ្ញាធរនឹងសម្របសម្រួលការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ប្រជាជនដែលផ្លាស់ទីលំនៅទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
វិធានការទាំង៤នេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃការប្រយុទ្ធគ្នាដែលរាលដាលឆ្លងកាត់ព្រំដែន ការពារអធិបតេយ្យភាពរបស់ថៃ និងបង្កើនសុវត្ថិភាពសម្រាប់សហគមន៍តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា៕



