FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជំនន់ភ្លាមៗវាយប្រហារកោះភូកេតប្រទេសថៃ ក្រោយភ្លៀងធ្លាក់ខ្លាំង (Video inside)

26-10-2026 17:03

(ភូកេត)៖ ទឹកជំនន់ភ្លាមៗ បានបង្កជាការជន់លិចតំបន់មួយចំនួននៅលើកោះភូកេតនៃប្រទេសថៃ នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP។

ស្រុកទាំង៣ ក្នុងខេត្តភូកេត ដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃ រួមទាំងទីក្រុងភូកេត បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។ យោងតាមអភិបាលរងខេត្ត លោក Romdon Hayiawae កម្ពស់ទឹកបានចាប់ផ្តើមស្រកចុះខ្លះៗវិញ ប៉ុន្តែតំបន់មួយចំនួនជាទីទំនាប នៅតែបន្តរងការជន់លិច ហើយយានយន្តតូចៗត្រូវបានណែនាំឱ្យ ចៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ទាំងនោះ។ លោកបាននិយាយថា តំបន់មួយចំនួនទៀតក្នុងខេត្ត ក៏បានរងការវាយប្រហារដោយលំហូរល្បាប់ភក់ផងដែរ ហើយក្រុមមន្ត្រីកំពុងធ្វើការដើម្បីបោសសម្អាតកម្ទេចកម្ទី ដើម្បីការពារកុំឱ្យវាហូរចូលប្រឡាយ និងរាំងស្ទះផ្លូវទឹក។

រូបភាពនិងវីដេអូ ដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បង្ហាញឱ្យឃើញទឹកជំនន់ហូរចូលតំបន់លំនៅឋាន និងគ្របដណ្ដប់ផ្លូវជាច្រើន រហូតធ្វើឱ្យផ្លូវទាំងនោះមិនអាចធ្វើដំណើរឆ្លងកាត់បាន។ យានយន្តមួយចំនួន ក៏ត្រូវបានគេឃើញកប់នៅក្រោមគំនរភក់ និងថ្មបន្សល់ទុក ដោយទឹកជំនន់ផងដែរ។

លោកអភិបាលរង Romdon បានប្រាប់ថា ប្រជាជនប្រមាណ ១០០ គ្រួសារបានរងផលប៉ះពាល់ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់ ឬរបួសនោះទេ។ អាជ្ញាធរឧតុនិយមថៃ បានព្រមានថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំង នៅតំបន់ភាគខាងត្បូងប្រទេស រហូតដល់ថ្ងៃពុធ ដែលអាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដីបន្ថែមទៀត។

គួរបញ្ជាក់ថា ទឹកជំនន់បានវាយប្រហារតំបន់ជាច្រើននៅទូទាំងប្រទេសថៃ ចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមកម៉្លេះ ហើយគិតត្រឹមថ្ងៃចន្ទនេះ មានមនុស្សយ៉ាងហោច ៨៣នាក់ត្រូវបានរាយការណ៍ថាស្លាប់។ កាលពីនៅចុងខែកញ្ញាកន្លងទៅ រាជធានីបាងកក ក៏ត្រូវបានជន់លិចផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ ដែលបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋាន និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការធ្វើដំណើរ និងសកម្មភាពប្រចាំថ្ងៃ៕