FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង ធ្វើសមយុទ្ធដែនអាកាសជាមួយអាមេរិក ចំពោះមុខភាពតានតឹងកើនឡើងជាមួយកូរ៉េខាងជើង (Video inside)

26-10-2026 15:59

(សេអ៊ូល)៖ នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ កងទ័ពអាកាសនៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធា ផ្តោតលើបេសកកម្មផ្លូវអាកាស ក្នុងគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា អំឡុងពេលមានសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។

សមយុទ្ធយោធាហៅថា Freedom Flag បានចាប់ផ្តើមនៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលសរុប២សប្តាហ៍ នៅឯមូលដ្ឋានទ័ពអាកាស Kunsan ក្នុងទីក្រុង Gunsan ចម្ងាយប្រហែល ១៨០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ហើយមានការចូលរួមពីធនធានយោធាសំខាន់ៗ​របស់សម្ព័ន្ធទាំងពីរ ដូចជាយន្តហោះចម្បាំង F-15K, KF-16, F-35A ព្រមទាំងយន្តហោះដឹកជញ្ជូន KC-330 និងយន្តហោះឯកទេសពិសេស E-737 Peace Eye របស់កងទ័ពកូរ៉េខាងត្បូង។ រីឯខាងយោធាអាមេរិកវិញ គឺរួមមានយន្តហោះចម្បាំង F-16, F-35B យន្តហោះឈ្លបការណ៍ RC-135 ឧទ្ធម្ភាគចក្រយោធា MH-60S និងយន្តហោះដ្រូន MQ-9។

គួរបញ្ជាក់ថា ការចាប់ផ្តើមសមយុទ្ធយោធាខាងលើ គឺចំពេលមួយដែលភាពតានតឹងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងតែកើនឡើងកម្តៅ ចាប់តាំងពីករណីផ្ទុះគ្រាប់មីន នៅព្រំប្រទល់ប្រទេសទាំងពីរ កាលពីខែកញ្ញា ហើយភាគីទាំងពីរ ថែមទាំងបានបោះពាក្យគំរាមចាត់វិធានការឆ្លើយតបដាក់គ្នាទៅវិញទៅមក។ កាលពីថ្ងៃអាទិត្យ ទីក្រុងព្យុងយ៉ាង ទើបតែបានផ្ញើលិខិតមួយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ជាថ្មីថា ទីក្រុងសេអ៊ូលប្រឌិតឧប្បត្តិហេតុផ្ទុះមីនកាលពីខែមុន ហើយនាថ្ងៃចន្ទនេះ ប្រព័ន្ធកាំភ្លើងធំរបស់កូរ៉េខាងជើង ត្រូវបានប្រទះឃើញដាក់ពង្រាយ នៅក្បែរព្រំប្រទល់កូរ៉េខាងត្បូង៕