FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី៖ ការវាយប្រហាររបស់អ៊ុយក្រែន កាត់ផ្ដាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅតំបន់គ្រីមៀ (Video inside)

25-10-2026 14:02

​(មូស្គូ)៖ អាជ្ញាធររុស្ស៉ីបាននិយាយថាការវាយប្រហារមួយរបស់អ៊ុយក្រែនបានធ្វើឱ្យដាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅក្នុងតំបន់គ្រីមៀ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ស្របពេលការវាយប្រហារដោយដ្រូនលើតំបន់ជាច្រើនក្នុងទឹកដីរុស្ស៉ីបានសម្លាប់មនុស្សជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី ​បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងតំបន់គ្រីមៀដែលមានប្រជាជនរស់នៅជាង ២,៥លាននាក់ បានរងផលប៉ះពាល់នោះទេ។ ព្រមពេលជាមួយគ្នា ការវាយប្រហារដោយដ្រូនដាច់ដោយឡែកមួយទៀតរបស់អ៊ុយក្រែនលើផ្នែកមួយចំនួនគ្រប់គ្រងដោយរុស្ស៉ីក្នុងតំបន់ Kharkiv បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និងម្នាក់រងរបួសធ្ងន់កាលពីថ្ងៃសៅរ៍។

បន្ថែមពីលើនេះដ្រូនក៏បានវាយប្រហារក្នុងទឹកដីរុស្ស៉ីផងដែរ។ តាមក្រសួងការពារជាតិរុស្ស៉ីមានដ្រូន ៦១៦គ្រឿងត្រូវបានបាញ់ទម្លាក់នៅទូទាំងតំបន់ចំនួន២០ ក្នុងនោះការវាយប្រហារដោយដ្រូនលើតំបន់ Bryansk បានសម្លាប់មនុស្ស ៣នាក់ ខណៈសាកសពមនុស្ស៣នាក់ត្រូវបានទាញចេញពីគំនរបាក់បែកបន្ទាប់ពីការវាយប្រហារមួយ កាលពីយប់ថ្ងៃសុក្រលើរោងច្រកមួយក្នុងទីក្រុង Oryol ស្ថិតនៅចម្ងាយ ៣៧០គីឡូម៉ែត្រពីភាគនិរតីទីក្រុងមូស្គូ។ នេះបើតាមអាជ្ញាធររុស្ស៉ី។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថាការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៉ីនៅទូទាំងភាគខាងកើតប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់កាលពីថ្ងៃសៅរ៍៕