អ៊ុយក្រែនថាផ្កាយរណប Starshield ដំណើរការជាប្រក្រតី តែលោក Elon Musk ចោទទីក្រុងកៀវបំពានលក្ខខណ្ឌ (Video inside)
25-10-2026 11:50
(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ បាននិយាយថាបណ្ដាញផ្កាយរណប Starlink រួមទាំងប្រព័ន្ធផ្កាយរណបយោធា Starshield បានត្រឡប់ទៅដំណើរការវិញជាប្រក្រតី មួយសប្ដាហ៍បន្ទាប់ពីការរឹតត្បិតការប្រើប្រាស់ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធា និងបង្កើនភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក CEO ក្រុមហ៊ុន SpaceX លោក Elon Musk ជាម្ចាស់បណ្ដាញផ្កាយរណប Starlink បានចោទប្រកាន់យោធាអ៊ុយក្រែនពីការបំពានលើលក្ខខណ្ឌរបស់ក្រុមហ៊ុន។ មកទល់នឹងពេលនេះទាំងលោក Musk និងរដ្ឋាភិបាលអាមេរិកដែលគ្រប់គ្រងលើប្រតិបត្តិការប្រព័ន្ធផ្កាយរណបយោធា Starshield ដែលប្រើប្រាស់បច្ចេកវិទ្យា Starlink មិនបានទទួលខុសត្រូវលើការរឹតត្បិតការប្រើប្រាស់ប្រព័ន្ធផ្កាយរណបដោយយោធាអ៊ុយក្រែននោះទេ។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Elon Musk បានគូសបញ្ជាក់ថា «យោធាអ៊ុយក្រែនបានបំពានលើលក្ខណ្ឌនៃការប្រើប្រាស់សេវា Starlink ដោយប្រើប្រាស់វាសម្រាប់ការវាយប្រហារដោយដ្រូនដើម្បីសម្លាប់ជីវិតមនុស្ស»។
គួរបញ្ជាក់ថា ការរឹតត្បិតលើការប្រើប្រាស់ Starshield ដោយយោធាអ៊ុយក្រែន បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីការឈានដល់កិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៉ី ខណៈដាក់សម្ពាធឱ្យទីក្រុងកៀវបញ្ឈប់ការវាយប្រហារលើរោងចក្រប្រេងរបស់រុស្ស៉ី៕



