FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម (Video inside)

25-10-2026 09:19

(ប៉ារីស)៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ខណៈក្រុមបាតុករនាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ាមួយសប្ដាហ៍បន្ទាប់ពីការដង្ហែក្បួនតវ៉ានប្រែក្លាយទៅជាអំពើហិង្សា ការលួចប្លន់ក្នុងហាងទំនិញ និងជំរុញឱ្យមានការដាកចេញវិធានការរឹតបន្តឹងសន្តិសុខដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលកំពុងប្រឹងប្រែងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានឱ្យដឹងថាប៉ូលិសបានឃាត់ខ្លួនមនុស្សជិត ១០០០នាក់ ក្នុងពេលដែលអាជ្ញាធរបានប្រឈមមុខនឹងការកើនឡើងអំពើហិង្សាគាំទ្រដោយក្រុមឆ្វេងនិយមជ្រុល។ ប៉ូលិសប្រឆាំងកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងរដ្ឋធានីប៉ារីស រួមទាំងទីក្រុង Marseille, Lyon, Bordeaux, Lille, Toulouse, Montpellier និងទីក្រុង Nantes។ លោក Nunez បានបន្ថែមថាមនុស្ស២នាក់ក៏បានរងរបួសធ្ងន់ធ្ងរផងដែរអំឡុងការប៉ះទង្គិចគ្នា។

គួរបញ្ជាក់ថា រដ្ឋាភិបាលបារាំងបានដាក់ពង្រាយកងកម្លាំងសន្តិសុខ ៧០ ០០០នាក់ នៅទូទាំងប្រទេសដើម្បីទប់ទល់នឹងបាតុកម្មតវ៉ាដែលក្រុមបាតុករអះអាងថាធ្វើឡើងដើម្បីប្រឆាំងជំទាស់នឹង ការកើនឡើងចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ។ អំពើហិង្សាកាលពីថ្ងៃសៅរ៍ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយគេបានឃើញសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ការលួចប្លន់ក្នុងហាងទំនិញ និងមានមនុស្សជាង ២៧០០នាក់ត្រូវបានចាប់ខ្លួនក្នុងបាតុកម្មតវ៉ាដែលបានប្រែក្លាយជាកុបកម្មដ៏ហិង្សាកាលពីចុងសប្ដាហ៍មុន។

តាមលោក Nunez ការគ្រប់គ្រងស្ថានការណ៍កាលពីថ្ងៃសៅរ៍មានភាពវិជ្ជមាន និងល្អប្រសើរជាងកាលពីមួយសប្ដាហ៍មុន ដោយប៉ូលិសត្រូវបានបង្កើនចំនួននៅតាមដងផ្លូវ និងបានធ្វើសកម្មភាពបាន លឿនរហ័ស។ ដោយឡែក បើតាមក្រុមសហជីពបារាំង បាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍នោះដែរមានមនុស្សចូលរួមចន្លោះពី ៤១០ ០០០នាក់ ដល់ ៨០០ ០០០នាក់នៅទូទាំងប្រទេសបារាំង ក្នុងនោះនៅ ទីក្រុងប៉ារីសមានមនុស្សចន្លោះពី ១១០ ០០០ ដល់ ២៥០ ០០០នាក់បានចូលរួមក្នុងបាតុកម្មតវ៉ាដែលផ្ទុះឡើងទោះជារដ្ឋាភិបាលបារាំងដាក់ចេញបម្រាមគោរចរនៅទីតាំងសំខាន់ៗមួយចំនួនក៏ដោយ៕