FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអ៉ីរ៉ង់ បន្ទោសអាមេរិកចំពោះភាពបរាជ័យនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ន តែស្នើឱ្យព្យាយាមទៀត (Video inside)

24-10-2026 23:08

(តេហេរ៉ង់)៖ នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នាថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីអ៉ីរ៉ង់ លោក Massoud Pezeshkian បានបន្ទោសសហរដ្ឋអាមេរិកចំពោះភាពបរាជ័យនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយអ៉ីរ៉ង់ ប៉ុន្តែលោកបានលើកឡើងថា គួរតែមានការព្យាយាមសារជាថ្មីទៀតដើម្បីសម្រេចឱ្យបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

«យើងកំពុងតែចរចាគ្នា ប៉ុន្តែភាគីអាមេរិកបានធ្វើឱ្យអ្វីៗខូចអស់។ ខ្ញុំនៅតែយល់ថា យើងគួរតែបន្តទៅមុខទៀតដើម្បីសម្រេចវាឱ្យបាន»។ នេះបើតាមសម្តីរបស់លោក Pezeshkian។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការប្រឈមមុខដាក់គ្នាយូរទៅមុខទៀតជាមួយទីក្រុងតេហេរ៉ង់ ខណៈដែលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងថាសហរដ្ឋអាមេរិកអាចបើកការវាយប្រហារថ្មីលើអ៉ីរ៉ង់ មុន ឬក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិអាមេរិក ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថាសង្គ្រាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗក៏ដោយ។

លោក Mike Waltz ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនអាចបន្តរក្សាការបិទផ្លូវកំពង់ផែរបស់អ៉ីរ៉ង់ ហើយបន្តបង្កើនសម្ពាធផ្នែកសេដ្ឋកិច្ច ខណៈដែលលោកបានបង្ហាញក្តីសង្ឃឹមថា អ៉ីរ៉ង់នឹងត្រឡប់មកចូលតុចរចាប្រកបដោយខ្លឹមសារមួយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕