FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង (Video inside)

24-10-2026 21:18

(ប៉ារីស)៖ នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងប៉ារីស និងទីក្រុងនានាទូទាំងប្រទេសបារាំង ក្រោមការឃ្លាំមើលពីសំណាក់ប៉ូលិស ៧០ ០០០នាក់ ខណៈដែលរដ្ឋាភិបាលព្យាយាមទប់ស្កាត់កុំឱ្យមានការកើតឡើងវិញនូវអំពើហិង្សា និងការចូលលួចដែលបានបង្កភាពចលាចលកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២៦។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បារាំង លោក Laurent Nunez បានថ្លែងថា មនុស្សចំនួន ១៣៥នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសគិតត្រឹមដើមរសៀលថ្ងៃនេះ។ ការចាប់ខ្លួនកើតមានឡើងក្រោយប្រតិបត្តិការឆែកឆេររកឃើញកាំជ្រួច គ្រាប់បាល់ដែក និងវត្ថុផ្សេងៗទៀតដែលអាចយកទៅប្រើប្រាស់ជាអាវុធបាន។ ខណៈដែលការចាប់ផ្តើមនៃការដើរក្បួនដ៏សំខាន់នៅទីក្រុងប៉ារីសបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សនៅក្នុងទីក្រុងលីយ៉ុងដែលជាទីក្រុងធំជាងគេទីបីរបស់ប្រទេសបារាំង។

រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងមានសមត្ថកិច្ចបន្ថែមចំនួន ១០ ០០០នាក់ បើធៀបនឹងថ្ងៃទី១៧ ខែតុលា ជាពេលដែលការតវ៉ាជុំវិញបញ្ហាទំនិញឡើងថ្លៃ និងការធ្លាក់ចុះនៃគុណភាពសេវាសាធារណៈ បានប្រែក្លាយទៅជាភាពចលាចលធ្ងន់ធ្ងរបំផុតមួយមិនក្នុងរយៈពេលច្រើនឆ្នាំ។

តំបន់ភាគច្រើននៅកណ្តាលទីក្រុងប៉ារីសបានប្រែក្លាយទៅជាសភាពដូចជាទីក្រុងស្ថិតក្រោមវិធានការបិទខ្ទប់ ដោយម្ចាស់ហាងនានាបានយកក្តារមកបិទបាំងផ្នែកខាងមុខហាងរបស់ខ្លួន សារមន្ទីរនានាបានបិទទ្វារ ហើយស្ថានីយរថភ្លើងក្រោមដីជាង ២០កន្លែងក៏ត្រូវបិទផងដែរ។ ក្រុមធុរកិច្ចនានាបានជំរុញឱ្យម្ចាស់ហាងលក់រាយបន្តបិទទ្វារ បន្ទាប់ពីហាងនិងអាជីវកម្មរាប់ពាន់កន្លែងនៅទូទាំងប្រទេសបារាំង រងការបំផ្លិចបំផ្លាញ ឬត្រូវគេលួចយកទំនិញ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ទីតាំងវប្បធម៌ល្បីៗមួយចំនួននៅក្នុងប៉ារីស រួមមានសារមន្ទីរ Louvre, សារមន្ទីរ Musée d’Orsay និងរោងមហោស្រពអូប៉េរ៉ាប៉ារីស (Paris Opera) បានបិទទ្វារមួយថ្ងៃជាវិធានការប្រុងប្រយ័ត្ន ធ្វើឱ្យភ្ញៀវទេសចរមានការខកចិត្ត។ ការដើរក្បួនលើកដំបូងដែលទទួលបានការអនុញ្ញាត ប្រព្រឹត្តទៅដោយសន្តិវិធីនៅថ្ងៃសៅរ៍នេះ ក្នុងក្រុង Orléans ភាគខាងត្បូងទីក្រុងប៉ារីស។ ឱកាសនោះ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងនឹងគណបក្សគណបក្សសម្ព័ន្ធជាតិ (National Rally) ដែលមាននិន្នាការស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen ខណៈគណបក្សនេះកំពុងរៀបចំសមាជបក្ស៕