FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះទីហ្វុង Champi បោកបក់កោះតៃវ៉ាន់ មនុស្សម្នាក់ស្លាប់ និងរបួសច្រើនជាង ៥០០នាក់ (Video inside)

24-10-2026 19:17

(តៃប៉ិ)៖ ព្យុះទីហ្វុង Champi បានបោកបក់កាត់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី២៣ ខែតុលានេះ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងច្រើនជាង ៥០០នាក់រងរបួស ព្រមទាំងធ្វើឱ្យដើមឈើរលំ និងដាច់ចរន្តអគ្គិសនីរួចទើបចុះខ្សោយឥទ្ធិពលហើយឆ្ពោះទៅទិសខាងជើងសំដៅទៅកាន់ឆ្នេរសមុទ្រប្រទេសចិន ប៉ុន្តែមិនមានការព្យាករណ៍ថានឹងបោកបក់ចូលដល់តំបន់ដីគោកទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមនៃកោះតៃវ៉ាន់ (CWA) Champi ដែលធ្លាប់ជាព្យុះខ្លាំងក្លាមួយនៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិកក្នុងឆ្នាំនេះកំពុងចុះខ្សោយ ប៉ុន្តែនៅតែមានខ្យល់បក់បោកល្បឿនប្រហែល ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ឥឡូវព្យុះនេះស្ថិតនៅចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគឦសាននៃកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់កាត់ក្បែរតំបន់ឆ្នេរសមុទ្រភាគឦសានត្រង់តំបន់ស្រុក Yilan កាលពីព្រឹកថ្ងៃសៅរ៍។

នាយកដ្ឋានពន្លត់អគ្គិភ័យកោះតៃវ៉ាន់ បានឱ្យដឹងថា ចំនួនអ្នកស្លាប់មានចំនួន ១នាក់គឺបុរសម្នាក់ដែលត្រូវបានរលកបោកបក់យកទៅបាត់នៅកោះ Liuqiu ខណៈដែលមានមនុស្ស ៥២៧នាក់ផ្សេងទៀតរងរបួស អំឡុងពេលខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក។ ក្រុមហ៊ុន Taipower បានឱ្យដឹងថា ផ្ទះជាង ២៨៨,០០០ខ្នងបានដាច់ចរន្តអគ្គិសនី ប៉ុន្តែភាគច្រើនត្រូវបានតភ្ជាប់ឡើងវិញហើយ។

ជើងហោះហើរចំនួន ២៥៩ ត្រូវបានលុបចោល ដែលជាការប្រសើរឡើងបើធៀបនឹងថ្ងៃសុក្រ ដែលចំនួននេះមានជិត ១ ០០០ជើង។ អាជ្ញាធរនៅតំបន់ជាច្រើននៃភាគខាងជើង និងភាគកណ្តាលកោះតៃវ៉ាន់ រួមទាំងទីក្រុងតៃប៉ិផងដែរ បានប្រកាសបន្តបិទការិយាល័យ និងសាលារៀនសម្រាប់ថ្ងៃទីពីរ នាថ្ងៃសៅរ៍នេះ៕